(ភ្នំពេញ)៖ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ ជាកងទី១៣ មានចំនួន១៨៤នាក់ ក្នុងនោះមានស្ត្រី៣៤នាក់ ដែលបានប្តូរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅតំបន់ Marjayoun សាធារណរដ្ឋលីបង់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពប្រកបដោយជោគេជ័យ ដូចបណ្តាកងមុនៗ នៅសាធារណរដ្ឋលីបង់។

អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។

ដើម្បីជាការលើកទឹកចិត្តដល់កងទ័មួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាច្រើនរូបទៀតបានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។

នាឱកាសនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, នាយកឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​ និងលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនដល់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨២៧ ចំពោះការវិលត្រលប់ប្រកបដោយសុខសុវត្ថិភាព ជាមួយនឹងភាពជោគជ័យក្នុងការបំពេញភារកិច្ច។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១៣ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ អ.ស.ប. ប្រចាំនៅសាធារណរដ្ឋលីបង់ នៅក្នុងតំបន់បំពេញបបេសកកម្មរបស់ខ្លួន។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា រយៈពេល១ឆ្នាំ នៃការបំពេញភារកិច្ចដ៏សែនលំបាក នៅមជ្ឈិមបូព៌ាដែលមានសីតុណ្ហភាពខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរទៅដោយភ្នំផង រងសម្ពាធវិបត្តិសេដ្ឋកិច្ចផង ជម្លោះព្រំដែន និងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន។ ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះ គ្រប់ឧបសគ្គ តស៊ូជម្នះទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩៤៦៥ នាក់ ក្នុងនោះ នារី ៨០១នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះនារី ១១៩នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕