(បាងកក, ថៃ)៖ នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅទីក្រុងបាំងកក ប្រទេសប្រទេសថៃ។
នៅវេលាម៉ោង៨ព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចេញទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ តបតាមការអញ្ជើញរបស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ ដំណើរទស្សនកិច្ចដ្បិតថាត្រឹមរយៈពេលត្រឹមមួយថ្ងៃតែមានគុណតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដែលបន្តនាំផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្លាយទៅជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ដែលបានទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ បន្ទាប់ពីប្រទេសនេះបង្កើតបានរាជរដ្ឋាភិបាលថ្មីកាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងកិត្តិយសជាទីបំផុតចាប់តាំងពីដាក់ជើងជាន់ដីព្រលានយន្តហោះរបស់ថៃ។
នៅឯវិមានរាជរដ្ឋាភិបាលថៃឯណោះវិញ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងយ៉ាងមហោឡារិកជាទីបំផុតដោយលោក សេដ្ឋា ថាវីស៊ីន។ កម្រាលព្រំក្រហមឆ្អិនឆ្អៅ កងកិត្តិយស និងកងត្រែទ័ព ត្រូវបានរៀបចំជាការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន បានជួបពិភាក្សាការងារទ្វេភាគីប្រកបដោយភាតរ និងស្និទ្ធស្នាលជាទីបំផុត។ ក្នុងជំនួបនោះសម្តេចធិបតី និងលោកនាយករដ្ឋមន្ត្រីថៃ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។
ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។
ក្រោយជំនួបទ្វេភាគីនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ បានធ្វើជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាធិការលើអនុស្សារណៈកិច្ចសហប្រតិបត្តិការចំនួន៥ ហើយក៏បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាជុំវិញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខានាពេលនោះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ។
ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងមានប្រជាប្រិយភាព ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថៃ និងលោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភាថៃផងដែរ។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភា និងព្រឹទ្ធសភាថៃ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ច និងការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល។ សម្តេចធិបតី ក៏បានគូសរំលេចពីលទ្ធផលនៃជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ ប្រកបដោយផ្លែផ្កាខ្ពស់ក្នុងស្មារតីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។ ជាពិសេសការព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងពី «ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។
ប្រធានរដ្ឋសភា និងព្រឹទ្ធសភាថៃ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសថៃ។ ប្រធានរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញជំនឿមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែល្អប្រសើរ និងរឹងមាំថែមទៀត។
នៅវេលាល្ងាចមុននឹងធ្វើដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ រៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ ក៏ដូចជាសមាគមមិត្តភាពកម្ពុជា-ថៃ។ វេទិកានេះ មានការចូលរួមពីវិនិយោគិន និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ក្រុមហ៊ុន។
តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
កម្ពុជា និងថៃ បានដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥៕