(កំពត)៖ លោក​ យឺន​ ហុងឆាត់​ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម​ បានលើកឡើងថា ដើម្បីត្រៀមក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលនឹងត្រូវអនុវត្តនៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ មូលនិធិជាតិជំនួយសង្គម មានផែនការច្បាស់លាស់ សម្រាប់រៀបចំបណ្តុះបណ្តាលដល់គ្រូបង្គោលរាជធានី ខេត្ត  ដោយជ្រើសរើសខេត្តចំនួន ៣ ធ្វើជាទីតាំងសម្រាប់បណ្តុះបណ្តាល។

លោកបានលើកឡើងបែបនេះ ខណៈលោកចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល​រាជធានី​-ខេត្ត​ ស្តីពី​ »ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ​» រៀបចំឡើងនាថ្ងៃទី៧​ ខែកុម្ភ:​ ឆ្នាំ២០២៤​ នៅសាលប្រជុំមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្តកំពត។

លោក​ យឺន​ ហុងឆាត់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីកសាង និងពង្រឹងសមត្ថភាពរាជធានី ខេត្ត ឱ្យមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីឈានទៅបណ្តុះបណ្តាលដល់មូលដ្ឋានឃុំ សង្តាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងក្របខណ្ឌរាជធានី ខេត្តនីមួយៗ នៅចន្លោះថ្ងៃទី៤ ដល់២២ ខែមីនា ឆ្នាំ២០២៤។

ខេត្តចំនួន៣ សម្រាប់បណ្តុះបណ្តាល រួមមាន៖
១៖ ខេត្តកំពត ថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ មានខេត្តកំពត ព្រះសីហនុ កែប តាកែវ កោះកុង កំពង់ស្ពឺ ព្រៃវែង និងស្វាយរៀង ដែលកំពុងដំណើរការនាពេលនេះ។
២៖ ខេត្តមណ្ឌលគិរី ថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖ មានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ព្រះវិហារ ភ្នំពេញ និងកណ្តាល។
៣៖ ខេត្តសៀមរាប ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤៖ មានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវសមាហរណកម្មកម្មវិធីជំនួយសង្គមចំនួន ៤ បញ្ចូលគ្នា រួមមាន៖ ១.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពី៦0ឆ្នាំឡើងទៅ ហើយបន្ថែមលើកម្មវិធីចំនួន ៤ ខាងលើនេះ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភជនផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់បុគ្គលក្នុងវដ្តជីវិត ហើយផ្តល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យ និងភាពងាយរងគ្រោះនានា

សមាសភាពដែលត្រូវទទួលការបណ្តុះបណ្តាល រួមមាន ប្រធានសាខាមូលនីធិជាតិជំនួយសង្គម​ ប្រធានប្រតិបត្តិ​ មន្រ្តីទទួលបន្ទុកកម្មវិធី​ និងតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត៕