(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមនាឱកាសនេះ រួមមាន ប្រធាន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. លោក លោកស្រី និង សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសរុប ចំនួន៣៥០នាក់។

លោក ហ៊ុន ម៉ានី ក៏បានធ្វើការថ្លែងអំណរគុណ និងសូមស្វាគមន៍ដល់សមាជិកទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាមួយគ្នានោះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានខិតខំលះបង់ ស្របទៅនឹងអ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ជាពិសេសគឺការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

លោកបានបន្តទៀតថា «ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ក្នុងការទប់ស្កាត់ និងឈានឆ្ពោះទៅបញ្ចប់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ»

ប្រធានកិត្តិយស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រូបនេះក៏បានបញ្ជាក់បន្ថែមថា «ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ»

តាមរយៈការស្ម័គ្រចិត្តនេះ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៣៤៨ នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក សមាជិកា ការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងបានចូលរួមចំណែកផ្តល់សេវាអប់រំ ថែទាំ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ ចំនួន ០៩លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវា សរុបចំនួន ៦៦,៦៩៣នាក់។

គួររម្លឹកថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ មករា ឆ្នាំ២០២៤) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺនពីរពាន់ហុកសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៧ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ២សាខា)។

លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានឲ្យដឹងថា «បេសកកម្មដ៏ថ្លៃថ្លារបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៨២៥លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៥៧,០៧៧នាក់ (ដប់បីលានដប់ប្រាំម៉ឺន ប្រាំពីរពាន់ ចិតសិបប្រាំពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣១,២៥៦នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន មួយពាន់ ពីររយហាសិបប្រាំមួយនាក់) គិតត្រឹម ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ ច្រើនជាងចំនួន ៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៨៥៣,៨៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន ប៉ែតសិបប្រាំម៉ឺន បីពាន់ប្រាំបីរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»