(មណ្ឌលគិរី)៖ លោក សោម សឿន ​សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ប្រកាសកែសម្រួលផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរភារកិច្ចលោក ឈួន វិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជំនួសលោក ងី ច័ន្ទ្រផល ដែលត្រូវបានផ្ទេរទៅជាអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តបាត់ដំបង។ ជាមួយគ្នានេះ លោក ដួង ហេង សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងទៅជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តមណ្ឌលគិរីផងដែរ។

បន្ទាប់ពីលោក ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី បានរាយការណ៍អំពីវឌ្ឍនភាពរបស់គណៈកម្មាធិការបក្សខេត្តរួចមក, លោក ម៉ឹង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស។

បន្ទាប់មកលោក ឈួន វិន បានឡើងបង្ហាញការប្តេជ្ញាចិត្តក្រោយទទួលបានការតែងតាំងភារកិច្ចថ្មីនេះជូនអង្គពិធីទាំងមូលដ្ឋាន។ ក្រោយការប្តេជ្ញាចិត្តរបស់ប្រធានក្រុមការងារ, លោក សោម សឿន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានប្រគល់លិខិតចាត់តាំងដល់ថ្នាក់ដឹកនាំចុះមូលដ្ឋានខេត្តមណ្ឌលគិរី។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក សោម សឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះ។

លោក សោម សឿន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានទទួលបានការផ្ទេរភារកិច្ច និងការតែងតាំងត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយគោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង ត្រូវមានសាមគ្គីភាពផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្សដើម្បីត្រៀមការងារ សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗឱ្យ ទទួលបានជោគជ័យបន្ថែមទៀត។

លោក សោម សឿន បានសំណូមពរដល់សមាជិក សមាជិកានៃអង្គបោះឆ្នោត សូមបន្តសហការរៀបចំគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា និងត្រូវពង្រឹង ពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេស ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព៕