(ភ្នំពេញ)៖ ត្បិតជាវិស័យឯកជនក៏ពិតមែន ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែទទួលការបណ្ដុះបណ្ដាលបំប៉នជំនាញជាចាំបាច់ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងសមត្ថភាពដល់ពួកគេ។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៧ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអះអាងថា នេះវគ្គបំប៉នជំនាញនាពេលនេះ ក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្របតាមអនុក្រឹត្យ លេខ២៨៩អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ លេខ០៣៣ សណន របស់ក្រសួងមហាផ្ទៃ។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី តំណាងឲ្យនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្ត និងមានមតិផ្ដាំផ្ញើដល់ ស្នើនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត ខណៈភ្នាក់ងារសន្ដិសុខឯកជន ត្រូវបានគេមើលឃើញថា ជាកម្លាំងជំនួយដ៏សំខាន់ដល់កងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាន។

ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាលបំប៉នជំនាញ អគ្គស្នងការរងរូបនេះ បានស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ហើយត្រូវគោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ដោយត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់ជាដើម។

លោកបានណែនាំទៀតថា ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ក្នុងនាមជាជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ នៅពេលខ្លួនបានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋាន ផ្ទាល់តាមរយៈលេខទូរស័ព្ទ ឬដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអំពាវនាវដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា។ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥៧លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៩,៧៨៧នាក់ (ស្រី២១៥នាក់) និងសិក្ខាកាមជា នគរបាលជាតិ ចំនួន២៣៣នាក់ (ស្រី២០នាក់)។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាពដើម្បីក្លាយខ្លួន ជាភ្នាក់ងារសន្តិសុខឯកជន ដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕