(បាងកក, ថៃ)៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ។
វេទិកានេះ រៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្មថៃ ក៏ដូចជាសមាគមមិត្តភាពកម្ពុជា-ថៃ ដោយមានការចូលរួមពីវិនិយោគិន និងធុរជននៃប្រទេសទាំងពីរចំនួន ៣០០នាក់ មកពីក្រុមហ៊ុនសរុប ១៦៦ក្រុមហ៊ុន។
តាមរយៈវេទិកាធុរកិច្ចកម្ពុជា-ថៃនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងចំណងមិត្តភាពកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
កម្ពុជា និងថៃ បានដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសថៃ នាពេលនេះជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕