(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សន្តិភាពដែលទទួលបាននាពេលនេះ មានតម្លែធំធេងណាស់ និងកើតឡើងដោយសារការប្រឹងប្រែងតស៊ូ និងការសម្រេចចិត្តត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនកើតឡើងដោយឯកឯង ដូចជាព្រះអាទិត្យព្រឹកត្រូវតែរះនោះទេ។ ដូចនេះត្រូវរួមគ្នាថែរក្សា ការពារឲ្យបានគង់វង្ស
សម្រាប់មាតុភូមិ និងកូនចៅជំនាន់ក្រោយៗ រស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។
ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងនៅក្នុងឱកាស ដែលលោកស្រី និងលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ អញ្ជើញជាអធិបតីភាព
ក្នុងពិធីពិធីបញ្ចុះបឋម សិលាកសាងអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រីបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជាធានាបាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ក្នុងឱកាសនោះលោកស្រីបណ្ឌិតបានពាំនាំនូវការសួរសុខទុក្ខ និងនឹករឮកពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាតិទាំងអស់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាជនយើងជានិច្ចកាល និងបានធ្វើនូវកិច្ចការសំខាន់ៗធំៗជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងអភិវឌ្ឍន៍។
លោកស្រីបណ្ឌិតបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ ទាមទារនូវអ្នកបន្តវេនប្រកបដោយសមត្ថភាព ដើម្បីបន្តដឹកនាំ និងបន្តអភិវឌ្ឍប្រទេស ជាតិជាបន្តទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ជាយុវជនបន្តវេនជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងរក្សាសមិទ្ធផល និងអភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់ទៀតនៅក្នុងអណត្តិទី៧ នៃរដ្ឋសភា ។
លោក ជា សិរី នូវបានរំលេចឲ្យឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល ដែលសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ ការធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៥% និងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការកសាងអគារសិក្សាថ្មីនេះ ដើម្បីផ្តល់ឱកាសដល់សិក្សានុសិស្ស បានសិក្សារៀនសូត្របានសមរម្យ និងបានអំពាវនាវឲ្យប្រជាជនបន្តយកចិត្តទុកដាក់ ពង្រឹងការងារភូមិ-ឃុំ
មានសុវត្ថិភាព ការងារសហគមន៍ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ ក៏ដូចជាការថែរក្សាសាលារៀន ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជនបានសាងសង់ ជូនឲ្យបានគង់វង្សស្ថិតស្ថេរជាយូរអង្វែងផងដែរ។
សម្រាប់ជាចំណងដៃនាខណៈនោះ លោកស្រី ជា សិរី និងលោក ជា ចាន់តូ បាននាំយកអំណោយរួមមានក្រណាត់ស សំលៀកបំពាក់សិស្ស សម្ភារៈសិក្សា សារុង និងថវិកាចែកជូនលោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនដែលបានចូលរួមផងដែរ៕