(បាងកក, ថៃ)៖ លោកសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភាថៃ បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ប្រធានព្រឹទ្ធសភាថៃ បានបង្ហាញក្តីរំពឹងបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងជំនួបនោះ លោក ផនភេត វិឈិតឆុលឆៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការ​ជាលើកដំបូងនៅប្រទេសថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកប្រធានព្រឹទ្ធសភាថៃ ក៏បានរំឭកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមកផងដែរ។

ប្រធានព្រឹទ្ធសភាថៃ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ថៃ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកប្រធានព្រឹទ្ធសភា ក៏បាន​សម្ដែង​សេចក្តីរីករាយ ដោយបានទទួលដំណឹងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ត្រូវបានជ្រើសតាំង​ជាប្រធានរដ្ឋសភាកម្ពុជា ហើយក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានវាយ​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិរវាង ប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានជម្រាបអំពីលទ្ធផលនៃជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ ជាពិសេសការដំឡើងកម្រិតនៃទំនាក់ទំនងពី «ភាពជាដៃគូរឹងមាំដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងកាន់តែត្រូវបាន​ពង្រឹង​បន្ថែមទៀតលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ មានជាអាទិ៍ វិស័យពាណិជ្ជកម្ម និងវិនិយោគ សន្តិសុខថាមពល ការដោះមីន ការងារ អប់រំ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕