(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យសិក្សាទិដ្ឋភាពច្បាប់ ហើយចេញសេចក្ដីណែនាំច្បាស់លាស់ជាមួយ អនុញ្ញាតឲ្យមធ្យោបាយទាំងអស់អាចបត់ស្ដាំពេលភ្លើងស្ដុបក្រហម ដោយមិនខុសច្បាប់ ហើយគ្មានការផាកពិន័យ។

ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ ក្រោយលោកមើលឃើញថា ការសម្រេចផាកពិន័យ ឬមិនផាកពិន័យ ចំពោះមធ្យោបាយដែលបត់ស្ដាំពេលភ្លើងស្ដុបក្រហម នៅមានភាពមិនច្បាស់លាស់។

ការងារនេះ លោកអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យលោក ហ៉ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សហការសិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងរៀបចំសេចក្ដីណែនាំមួយឲ្យបានច្បាស់លាស់ចំពោះករណីនេះ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ស្នើឲ្យគ្រប់ភ្លើងស្ដុបទាំងអស់ ដែលមានភ្លើងក្រហមអាចបត់ស្ដាំបានដោយមិនមានការផាកពិន័យ។ កន្លងទៅមានការណែនាំខុសៗគ្នា សូមឲ្យពិនិត្យមើល ប៉ុន្ដែអ្នកភ្លើងក្រហមត្រូវឲ្យអាទិភាពអ្នកភ្លើងខៀវទៅមុន នេះដើម្បីបន្ថយការកកស្ទះ។ សូមឯកឧត្តម ហ៉ឺម យ៉ាន សិក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យចេញគោលការណ៍ណែនាំមួយច្បាស់ ព្រោះឥលូវច្បាប់ឲ្យផាក ប៉ុន្ដែយើងឲ្យគាត់ទៅ ព្រោះហួសភ្លើងស្ដុបត្រូវតែផាក ដូច្នេះសូមកំណត់ឲ្យមានភាពច្បាស់លាស់មួយលើរឿងនេះ»

បើតាមឧបនាយករដ្ឋមន្ដ្រី ស សុខា, ការអនុញ្ញាតឲ្យមធ្យោបាយទាំងអស់អាចបត់ស្ដាំនៅពេលភ្លើងស្ដុបក្រហមនេះ គឺជាដំណោះស្រាយម្យ៉ាងក្នុងការជួយសម្រួលដល់ការកកស្ទះចរាចរណ៍ នៅពេលបច្ចុប្បន្ននេះ។ ប៉ុន្ដែការបត់ស្ដាំនៅពេលភ្លើងស្ដុបក្រហមអ្នកបញ្ជាយានយន្ដទាំងអស់ ត្រូវផ្ដល់អាទិភាពឲ្យអ្នកដែលបើកបរមកពីភ្លើងស្ដុបពណ៌ខៀវដដែល ពោលអាចបត់បាននៅពេលគ្មានមធ្យោបាយផ្សេងឆ្លងកាត់៕