(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានថា មានពលករចំនួន១៨នាក់ ដែលគេសង្ស័យថា ជាពលរដ្ឋខ្មែរ ត្រូវបានឃាត់ខ្លួនពីបទចូលនេសាទខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈទូកនេសាទរបស់ជនជាតិថៃ ឈ្មោះ KM. JHF 6525 ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញការណែនាំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ីភ្លាម។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស បានបញ្ជាក់ឲ្យដឹងថា លោក ប្រាក់ សុខុន បានណែនាំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសឥណ្ឌូនេស៊ី ចុះទៅពិនិត្យជាក់ស្តែងអំពី ស្ថានភាព និងសុខភាព របស់ពលករទាំងអស់ និងស្នើឲ្យធ្វើទំនាក់ទំនងជាមួយ អាជ្ញាធរមាន សមត្ថកិច្ចឥណ្ឌូនេស៊ី សុំឲ្យមានការ ដោះលែងពលរដ្ឋខ្មែរ ទាំងនោះ ដែលជាជនរងគ្រោះដោយការជួញដូរមនុស្ស និងសហការជាមួយអង្គការអន្តរជាតិទេសសន្តរប្រវេសន៍ (IOM) នៅហ្សាកាតា ដើម្បីរៀបចំការធ្វើ មាតុភូមិនិវត្តន៍ របស់ពលករទាំង១៨នាក់ បានឆាប់រហ័ស៕