(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ដឹកនាំដោយលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះថា សកម្មភាពចុះត្រួតពិនិត្យនេះគឺមិនមែនទើបតែធ្វើនៅពេលថ្មីៗនោះទេ ដោយកន្លងមកលោកបានដឹកនាំយ៉ាងតិច ២ដង ក្នុងមួយសប្តាហ៍ ប៉ុន្តែក្រោយថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមអនុសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាមានការចង្អុលបង្ហាញបន្ថែមពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំឲ្យគណៈបញ្ជាការឯកភាពក្រុង/ស្រុកទាំងអស់ចុះអនុវត្តវិធានការនេះរាល់យប់។

លោកបានបន្តថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈមក គឺលោកបានដឹកនាំកម្លាំងចុះធ្វើរាល់យប់ ដោយចល័តពីទីតាំងមួយ ទៅទីតាំងមួយតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នូវទីតាំងដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ច្រើន ពោលគឺសំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។

លោកបានគូសបញ្ជាក់ថា មុនការចុះអនុវត្តយើងឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់គួរកត់សម្គាល់ និងព្រួយបារម្ភយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៤នេះ ប៉ុន្តែក្រោយចុះអនុវត្តគ្រោះថ្នាក់ធ្ងន់ស្រាល និងករណីផ្សេងមានការថយចុះមួយផ្នែកធំ ព្រោះបានឃាត់នូវអ្នកបើកបរ ដែលមានសារធាតុស្រវឹង បើកបរមិនបានពាក់មួកសុវត្តិភាព រួមជាមួយនឹងការអប់រំបន្ថែម ព្រមទាំងមានការផាកពិន័យជាមួយគ្នាផងដែរ ហើយក៏មានភាពល្អប្រសើរគួរកត់សម្គាល់។

សម្រាប់របាយការណ៍លម្អិតពីលទ្ធផលចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៥គោលដៅនាយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិ សាស្ត្រក្រុង/ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច -ធំ ចំនួន៤៩០គ្រឿង ម៉ូតូ និងPassapp ចំនួន៦១គ្រឿងទទួលបានលទ្ធផលដូចខាងក្រោម៖

* ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៥នាក់ រកឃើញវិជ្ជមាន៣នាក់ (ផាកពិន័យតាមគោលការណ៍)។
* ទី២៖ ធ្វើ តេស្តរកសារធាតុញៀនចំនួន៥១នាក់ (ជនជាតិខ្មែរ) រកឃើញវិជ្ជមាន១១នាក់ (បញ្ជូនទៅមណ្ឌលកែប្រែ)។
* ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន២៣៥គ្រឿង (គ្មានអាវុធ ងកាត់)។
* ទី៤៖ ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន១នាក់ និងអប់រំណែនាំចំនួន៤នាក់។
* ទី៥៖ ផាកពិន័យអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ និងរក្សាទុករថយន្ត១គ្រឿង៕