(បាងកក, ថៃ)៖ លោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថា បានអះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយទៅជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ដែលបានទស្សនកិច្ចនៅប្រទេសថៃសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ថៃ។ លោកប្រធានរដ្ឋសភា បានបង្ហាញក្តីរំពឹងខ្ពស់ថា ទំនាក់ទំនងកម្ពុជា និងថៃ កាន់តែល្អប្រសើរក្រោយដំណើរទស្សនកិច្ចនេះ។
ការបញ្ជាក់ខាងលើនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាន់មូហាម៉ាត់ណ មះថា នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប្រធានរដ្ឋសភាថៃ បានសម្តែងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ព្រមទាំងបានអបអរសាទរជូនសម្ដេចធិបតី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។ លោកប្រធានរដ្ឋសភាថៃ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ ព្រោះសម្តេចធិបតី ជានាយករដ្ឋមន្ត្រីប្រទេសជាមិត្តដំបូងគេ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោកប្រធានរដ្ឋសភាថៃ បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ លោកក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្រោយទស្សនកិច្ចផ្លូវការនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានរដ្ឋសភាថៃ។ សម្តេចធិបតី បានជម្រាបអំពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ពី «ភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។
សម្តេចធិបតី បានបញ្ជាក់ថា ជាមួយការដំឡើងកម្រិតទំនាក់ទំនងនេះ ប្រទេសទាំងពីរប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងក្តីរីករាយ និងស្វាគមន៍នូវវត្តមានប្រធានរដ្ឋសភាថៃនៅកម្ពុជា នាពេលអនាគត។ សម្តេចធិបតី ក៏បានលើកឡើងផងដែរថា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។ សម្តេចធិបតី បានជម្រាបថា ការបោះឆ្នោតនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា។ សម្ដេចធិបតី បានបង្ហាញក្តីរំពឹងថា ប្រធានរដ្ឋសភាថៃ នឹងមានជំនួបជាច្រើនទៀតជាមួយសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខនេះ៕