(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសហជីពនៅកម្ពុជាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកម្មករឱ្យសិក្សាជំនាញបច្ចេកទេសដើម្បីបង្កើនផលិតភាពការងារ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ លោក ហាំង តុលា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ប្រសិនបើសហជីពនៅកម្ពុជា ចូលរួមធ្វើចលនាក្នុងការជំរុញកម្មករកម្មការិនី នៅតាមរោងចក្រសហគ្រាសឱ្យចូលវគ្គបណ្តុះបណ្តាល នឹងរួមចំណែកហយ៉ាងខ្លាំងដើម្បីបង្កើនផលិតភាពការងាររបស់កម្មករនៅកម្ពុជា ដែលជាចំណុចប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគិនបរទេស។

បើតាមលោកអគ្គនាយក, ក្រសួងការងារក្នុងអាណត្តិទី៧នេះ មានយុទ្ធសាស្ត្រជាអាទិភាពក្នុងការពង្រឹង និងបង្កើតជំនាញថ្មីដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋ ហើយជាពិសេសក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដែលជាកម្លាំងសេដ្ឋកិច្ចស្នូលសម្រាប់កម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រជំនាន់ទី១ដែលមានពលរដ្ឋប្រមាណ ១,៥ម៉ឺននាក់ បាននិងកំពុងទទួលការបណ្តុះបណ្តាលដែលមាន៥០០ថ្នាក់នៅទូទាំងប្រទេស៕

http://image.freshnewsasia.com/2021//fn-2024-02-07-16-24-11-0.JPG