(ភ្នំពេញ)៖ សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា បានអំពាវនាវដល់អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន កុំបោះឆ្នោតឱ្យគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភានីតិកាលទី០៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា បានសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលបានគិតគូរផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ព្រមទាំងមានការបង្រួបបង្រួមជាតិ ការសាមគ្គីគ្នាក្នុងការអភិវឌ្ឍនជាតិ ហើយគណបក្សប្រឆាំង និងគណបក្សបែកបាក់សាមគ្គីទាំងអស់ ពិសេសគណបក្សដែលកើតចេញពីគណបក្សភ្លើងទៀននេះ គួរតែយកគំរូតាមគណបក្សប្រជានជនកម្ពុជា ទើបជាការល្អប្រសើរ។

ដូចគ្នានេះដែរការចេញសេចក្តីអំពាវនាវដល់អង្គបោះឆ្នោត មេត្តាកុំបោះឆ្នោតឱ្យគណបក្សម្លាំងជាតិ និងគណបក្សភ្លើងទៀននេះដោយសមាគមយល់ឃើញថា៖

១៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ គឺកើតចេញពីការបែកបាក់សាមគ្គីរបស់គណបក្សភ្លើងទៀន ដែលគណបក្សទាំង២នេះបានបង្កើតឡើងមកដោយសារតែចង់ដណ្តើមប្រយោជន៍ ដណ្តើមអំណាចដណ្តើមកម្លាំងគាំទ្ររៀងៗខ្លួន ដែលមិនបាន គិតគូរផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំនោះទេ។ ដែលគណបក្សនេះខុសគ្នាផ្ទុយស្រឡះពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានការសាមគ្គីគ្នា គិតគូរផលប្រយោជន៍ជាតិជាធំ និងមានការរួបរួម ខិតខំកសាងសន្តិភាព បម្រួបបង្រួមជាតិ អភិវឌ្ឍនជាតិលើគ្រប់វិស័យ និងនាំមកនូវសន្តិភាព សុវត្តិភាពដល់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបរហូតមកដល់សព្វថ្ងៃនេះ។

ទី២៖ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ក៏មិនខុសគ្នាពីគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិដែរ ដែលជានិច្ចកាល ក្រុមគណបក្សបែកបាក់សាមគ្គីទាំងនេះ តែងតែយកអង្គបោះឆ្នោតធ្វើជាឧបករណ៍នយោបាយ និងធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន។ ក្នុងករណីបើសិនអង្គបោះឆ្នោត បោះឆ្នោតជូនគណបក្សកម្លាំងជាតិនោះ និងខុស ឬមានបញ្ហាចំពោះគណបក្សឆន្ទៈខ្មែរ បើអង្គបោះឆ្នោត បោះជូនគណបក្សឆន្ទៈខ្មែរ នោះនិងខុស ឬមានបញ្ហាចំពោះគណបក្សកម្លាំងជាតិ។ វប្បធម៌ឧបាយកល ដ៏ខ្មៅអាក្រក់ជូរជាតិ ដែលយកអង្គបោះឆ្នោតជាឧបករណ៍នយោបាយ និងជាចំណាប់ខ្មាំងនេះហើយ ដែលក្រុមគណបក្សប្រឆាំងមួយ ក្រុមនេះតែងតែប្រើជានិច្ចកាលនៅពេលដែលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពម្តងៗ ហើយគណបក្សនយោបាយនៅកម្ពុជាទាំងអស់មិនគួរយកគម្រូតាមគណបក្សបែកបាក់សាមគ្គីនេះឡើយ។

ទី៣៖ គណបក្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ រហូតមានការបែកបាក់សាមគ្គីពីមួយទៅមួយរហូតមកនេះ មិនគួរណាបងប្អូននៃអង្គបោះឆ្នោតទាំងអស់បោះឆ្នោតជូនឡើយ។ ហើយចំពោះការចូលរួមប្រកួតប្រជែង ដណ្តើមយក តំណែងជាសមាជិកព្រឹទ្ធសភាខាងមុខនេះ និងមានគណបក្សចំនួន០៤ចូលរួម ដែលគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ចាប់ផ្តើមកក្រើកចាប់តាំងចុងឆ្នាំ២០២៣មកម្លេះ ហើយការចោទប្រកាន់ វាយប្រហារគ្នាទៅវិញទៅមកដោយពាក្សសម្តី ការប្តឹងផ្តល់គ្នាទៅតុលាការ គឺសុទ្ធសឹងតែជាយុទ្ធសាស្ត្រក្នុងការអូសទាញយកសំលេងគាំទ្រពីអង្គបោះ ឆ្នោតរបស់គណបក្សភ្លើងទៀនដែលជាគណបក្សដើមរបស់ខ្លួន ដែលគណបក្សភ្លើងទាននេះដែរក៏កើតចេញគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការបានរំលាយចោល ដោយសារតែមានមេដឹកនាំជាជនក្បត់ជាតិផងដែរ។

និងទី៤៖ គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដែលកើតចេញពីការបែកផ្ទៃក្នុង បែកបាក់ការសាមគ្គីគ្នា រហូតបង្កើតគណបក្សថ្មីពីមួយទៅមួយទាំងនេះរហូតដល់ពេលនេះ ដែលយើងអាចនិយាយបានថា គឺសុទ្ធសឹងតែជាបងប្អូនបង្កើតតែមួយ។ ហើយគណបក្សទាំងនេះជានិច្ចកាលតែងតែអួតខ្លួនថា ជាគណបក្សស្នេហាជាតិ គិតគូរផលប្រយោជន៍ជាតិ គិតគូរផលប្រយោជន៍ប្រជាពលរដ្ឋជាធំ តែការពិតជាក់ស្តែងគណបក្សទាំងនេះគឺមិនមែនជាគណបក្សដែលមានឆន្ទៈស្នេហាជាតិ បម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍនជាតិឱ្យរីកចម្រើនទៅមុខពិតប្រាកដ ដូចប្រទេសជឿនលឿនលើពិភពលោកបានដូចការអួតរបស់ពួកគេឡើយ។

សមាគមយុវជនលើកកម្ពស់សេដ្ឋកិច្ចប្រជាជនកម្ពុជា សូមសម្ដែងការសោកស្ដាយជាពន់ពេកចំពោះ ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន ដែលពុំអាចធ្វើគម្រូល្អៗដល់សង្គមជាតិ ប្រជាពលេដ្ឋ និងគណបក្សផ្សេងទៀតបាន។ សមាគមយល់ឃើញថា បើទោះបីជាគណបក្សទាំង២នេះ ជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាក៏ដោយ ក៏គណបក្សទាំង២នេះធ្វើដើម្បីតែលាភសក្ការៈ អំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនអាចជួយអ្វីបានដល់សង្គមជាតិទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរបានឡើយ។ ហេតុដូចនេះការមិនចេញទៅបោះឆ្នោតរបស់បងប្អូន ពិតជាសាកសម និងមានតម្លៃជាទីបំផុតចំពោះគណបក្សដែលមិនបានគិតប្រយោជន៍ជាតិជាធំបែបនេះ៕