(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បាននិងកំពុងដំណើរការ ការពិនិត្យ វាយតម្លៃ និងសម្រេចចុងក្រោយបេក្ខភាព អង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលក្នុងនោះតំណាងបេក្ខភាពទាំង១៥ នឹងត្រូវធ្វើបទបង្ហាញពីទិដ្ឋភាពជាក់ស្ដែង និងសមិទ្ធផលសម្រេចបានធៀបនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ សម្រាប់ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។

ដំណើរការវាយតម្លៃដំណាក់កាលសម្រេចចុងក្រោយនេះ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃពេញ ចាប់ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ រួមជាមួយវត្តមាន សមាជិកនៃគណៈកម្មការ ដែលមានសមាសភាពមកពីអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងក្រុមការងារ គណៈកម្មការវាយតម្លៃបច្ចេកទេស សរុបប្រមាណ៣០រូប។

ក្នុងរយៈពេលពីរថ្ងៃនៃការវាយតម្លៃ ថ្នាក់ដឹកនាំ និងសមាជិក គ.វ.ជ. នឹងពិនិត្យ និងវាយតម្លៃ ព្រមទាំងការធ្វើចំណាត់ថ្នាក់លំដាប់ពីលេខ១ដល់លេខ៥ ក្នុងចំណោមបេក្ខភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពដែលជាប់ក្នុងដំណាក់កាលនៃការវាយតម្លៃជ្រើសសម្រាំងបេក្ខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈសរុបចំនួន១៥ អង្គភាព។

សូមជម្រាបថា ផ្អែកលើអនុក្រឹត្យស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ ឲ្យអនុវត្តយន្តការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងគោលបំណងជាចម្បងជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការ របស់អង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយផ្អែកលើលក្ខណៈ វិនិច្ឆ័យ គោលធំៗចំនួន៨ចំណុច ដែលរួមមាន៖

*ទី១៖ ស្ដង់ដាសេវាសាធារណៈ
*ទី២៖ និយាមនៃការផ្ដល់សេវាសាធារណៈ
*ទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
*ទី៤៖ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព
*ទី៥៖ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព
*ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ
*ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍
*ទី៨៖ ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរការកាន់តែប្រសើរ។

សូមរំលឹកថា កាលពីឆ្នាំ២០១៨ បេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យអប់រំ បានទៅវិទ្យាល័យពេជ្រចិន្តា ខណៈបេក្ខភាពជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល រួមមាន៖ មន្ទីរពេទ្យបង្អែកបាកាន (កម្រិត CPA1) មន្ទីរពេទ្យបង្អែកខេត្តកោះកុង (កម្រិត CPA2) និងមន្ទីរពេទ្យខេត្តកំពង់ចាម (កម្រិត CPA3)។ សម្រាប់ឆ្នាំ២០២៣ កម្មវិធីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ មានបេក្ខជន មណ្ឌលសុខភាព ចំនួន៤៣ ក្នុងវិស័យសុខាភិបាល និងសាលាបឋមសិក្សាចំនួន៤៦ និងអនុវិទ្យាល័យចំនួន៤២ ក្នុងវិស័យអប់រំ។

ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូនៃការផ្តល់សេវាសាធារណៈ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល។ ការវាយតម្លៃត្រូវបានធ្វើឡើងយ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ៕