(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា រយៈពេល៤ឆ្នាំ គិតចាប់ពី (២០២០ ដល់២០២៣) សមត្ថកិច្ចបង្រ្កាបនិងរឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ជិត៦០០តោន និងបានឃាត់ខ្លួនជនសង្ស័យបានជាង៧ម៉ឺននាក់។

នៅក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបបានជាង១ម៉ឺនករណី ក្នុងនោះមានករណីកែច្នៃ ចំនួន៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ២ម៉ឺននាក់ និងចាប់យកសារធាតុញៀនចំនួនជិត ៤ពាន់គីឡីក្រាម និងសារធាតុគីមីផ្សំ ចំនួនជាង ៤តោន។

នៅឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបានជាង ៦ពាន់ករណី ក្នុងនោះមានករណីកែច្នៃផលិត ចំនួន ៩ករណី និងឃាត់ខ្លួនជនសង្ស័យ បានជាង១ម៉ឺន ៣ពាន់នាក់ និងចាប់យកសារធាតុញៀនជាង ៤តោន ៦០០គីឡូក្រាម និងសារធាតុគីមីផ្សំ ចំនួនជិត ៨៥តោន។

នៅឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបបានជាង ៦ពាន់ករណី ក្នុងនោះមានករណីកែច្នៃផលិត ចំនួន ១០ករណី និងឃាត់ខ្លួនជនសង្ស័យ បាន១ម៉ឺន ៥ពាន់នាក់ និងចាប់យកសារធាតុញៀនជិត ១៥តោន និងសារធាតុគីមីផ្សំ ចំនួនជាង ៥០៤តោន និងនៅក្នុង ឆ្នាំ២០២៣ បង្ក្រាបបានជាង ៨ពាន់ករណី ក្នុងនោះមានករណីកែច្នៃផលិត ចំនួន១៤ករណី និងឃាត់ខ្លួនជនសង្ស័យបាន ជាង២ម៉ឺននាក់ និងចាប់យកសារធាតុញៀន ចំនួនជិត៣តោន និងសារធាតុគីមីផ្សំ ចំនួន១តោន ៤៦៩គីឡូក្រាម។

លោកបានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ សភាពការណ៍គ្រឿងញៀនទាំងនៅក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែជាកត្តាប្រឈមទាំងក្នុងកាលៈទេសៈចំពោះមុខ និងសម្រាប់រយៈពេលយូរអង្វែង។

ដោយសារកត្តាជម្លោះ ប្រដាប់អាវុធដែលបាននិងកំពុងកើតមានឡើងយ៉ាងក្តៅគគុកជាច្រើនកន្លែងទាំងនៅលើពិភពលោក និងក្នុងតំបន់ បានធ្វើឲ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឆ្លៀតឱកាសបង្កើនសកម្មភាពផលិត និងដាំដុះ ទាំងគ្រឿងញៀនសំយោគ និងរុក្ខជាតិញៀន។

ទន្ទឹមនឹងនេះ កម្ពុជាក៏នៅ តែបន្តរងការគំរាមកំហែង ពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស។ ជាពិសេសការចរាចរឆ្លងកាត់គ្រឿងញៀនតាមផ្លូវគោក តាមបញ្ញើប្រៃសណីយ៍ និងតាមផ្លូវអាកាស ដូចជាការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជា-ឡាវ ការរក្សាទុកគ្រឿងញៀន រាប់រយគីឡូក្រាម នៅតាមទីតាំងភូមិសាស្រ្តរាជធានី ខេត្តនៅតាមព្រំដែន និងជាប់ដែនសមុទ្រ ដើម្បីនាំចេញទៅក្រៅប្រទេស តាមច្រក ផ្លូវគោក និងតាមច្រកសមុទ្រ។

ដើម្បីឆ្លើយតបនឹងសភាពការណ៍គ្រឿងញៀននេះ ទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន/ជំនាញ ពាក់ព័ន្ធទាំងអស់បង្កើនការការត្រួតពិនិត្យ តាមច្រកព្រំដែន ដោយផ្ដោតសំខាន់លើការចរាចរដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ពិសេសទំនិញជាសារធាតុគីមី នៅមានចំណុចខ្វះខាត។

ក្នុងនោះលោកក៏បានស្នើឲ្យមានការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការចរាចរដឹកជញ្ជូនសារធាតុញៀន និងសារធាតុគីមីផ្សំ រវាងអង្គភាពនៅតំបន់ ព្រំដែន និងអាជ្ញាធរដែនដីរាជធានីខេត្ត ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសប្រើប្រាស់ នៅពុំទាន់បានគ្រប់ ជ្រុងជ្រោយ និងជាប្រចាំ។

ទន្ទឹមនឹងនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការគ្រប់គ្រងត្រួតពិនិត្យការស្នើសុំ ការនាំចូល ការដឹកជញ្ជូន ការជួញដូរ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស នៅពុំទាន់បានស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់នៅក្នុងមាត្រាពាក់ព័ន្ធនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់៕