(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានណែនាំអធិការក្រុង-ស្រុកទាំងអស់ ត្រូវបំពេញកាតព្វកិច្ចគោរពតួនាទី និងយកចិត្តទុកដាក់ទប់ស្កាត់ រាល់បទល្មើសនានា និងរៀបចំសណ្តាប់ធ្នាប់ឲ្យល្អ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ឲ្យញឹកញាប់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ភូមិឃុំមានសុវត្តិភាព។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងបន្តថា ការហ្វឹកហ្វឺនជំនាញក្នុងការជួយសង្គ្រោះជនរងគ្រោះ ដែលជនល្មើសចាប់ជំនិត និងជនល្មើសគំរាមគំហែង ដល់អាយុជីវិតអ្នកដ៍ទៃ ដូច្នេះសមត្ថកិច្ចត្រូវរកយុទ្ធសាស្រ្តណា ដើម្បីចាប់ជនល្មើសកុំឲ្យតដៃ និងជួយសង្រ្គោះជនរងគ្រោះ កុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងរងរបួស។

លោកស្នងការ បានបន្តថា ការហ្វឺកហាត់ជំនាញនេះ គឺជាជំនាន់ទី៤ហើយ ការហ្វឹកហាត់នេះក្នុង១ វគ្គមានសិក្ខាកាមជាសមត្ថកិច្ចចំនួន៣៣នាក់ មកគ្រប់អធិការ មានគ្រូបង្គោលច្បាស់លាស់ ក្នុងការហ្វឹកហាត់ ហើយហ្វឹកហាត់ក្នុង១វគ្គ ប្រើរយៈពេល១ខែ ដើម្បីឲ្យស្ទាត់ជំនាញ។

លោកស្នងការ បានបន្ថែមថា មន្ត្រីនគរបាលដែលត្រូវបញ្ចប់ការហ្វឹកហ្វឺននេះ ត្រូវបំពេញកាតព្វកិច្ចតួនាទីជាសមត្ថកិច្ច ត្រូវមានក្រមសីលធម៌ល្អ ចេះសាមគ្គីគ្នារក្សាភាពផ្ទៃក្នុង ឲ្យរឹងមាំ ត្រូវចេះជួយគ្នា ក្នុងគ្រាលំបាក និងត្រូវចេះសហការជាមួយប្រជាពលរដ្ឋ ត្រូវនៅឲ្យក្បែរជាមួយប្រជាពលរដ្ឋជានិច្ច។

លោកស្នងការ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមឲ្យបើកបរគោរពច្បាប់ចរាចរ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នា បើកបរត្រូវអនុវត្តន៍តាមគោលការណ៍ច្បាប់ចរាចរ កុំបើកបរក្នុងល្បឿនលឿន កុំបើកបរក្នុងលក្ខណៈស្រវឹង បើស្រវឹងកុំបើកបរ ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះអគ្គិភ័យ៕