(រតនគិរី)៖ ដោយមានការគិតគូរយកចិត្តទុកដាក់ និងក្តីអាណិតអាសូរពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបានចាត់ឲ្យលោក ឌឹម ណាត នាយកសាខា, លោក ជា សានិត ប្រធានមន្ទីរស្តីទីមន្ទីរសុខាភិបាល, លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកនាយកវិទ្យាល័យអន្តវាសិកដ្ឋានក្រុងបានលុង ព្រមទាំងសហការី និងអាជ្ញាធរស្រុកលំផាត់ ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្អូនស្រី ហ្សត់ សាលិច អាយុ ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ និងជាយុវជនកាកបាទក្រហម នៅវិទ្យាល័យអន្តវាសិកដ្ឋានក្រុងបានលុង ដែលមានជំងឺប្រចាំកាយ (ដុះដុំសាច់ខួរក្បាល) រស់នៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយគ្រួសារប្អូនស្រី លោកនាយកសាខាបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍លោក ញ៉ែម សំអឿន ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយបានជម្រាបថា «ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងលោកប្រធានគណៈកម្មាធិការសាខា តែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ»។ 

លោកនាយកសាខា និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងក្រុមការងារ ក៏បានផ្តាំផ្ញើដល់ប្អូនស្រី និងក្រុមគ្រួសារ ឲ្យគិតគូរថែរក្សាសុខភាពឲ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបរិភោគអាហារូបត្ថម្ភ ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព  និងជូនពរដល់ប្អូនស្រីអ្នកជំងឺ ឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត បានឲ្យក្រុមគ្រួសារអ្នកជំងឺត្រៀមលក្ខណៈ ដើម្បីនាំប្អូនស្រីទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងរៀបចំឯកសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញផងដែរ។ 

អំណោយមនុស្សធម៌ បានប្រគល់ជូននាពេលនោះរួមមាន៖
១៖ ថវិកាផ្ទាល់របស់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា និងលោកស្រី ចំនួន១លានរៀល
២៖ សាខាកាកបាទក្រហមខេត្តរតនគិរី អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកផ្លែឈើ១កេស និងថវិកា១លានរៀល
៣៖ មន្ទីរសុខាភិបាល ថវិកា២០ម៉ឺនរៀល, លោក ហ៊ីង ផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថវិកា១០ម៉ឺនរៀល និងលោក ណុប តាំងអូន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថវិកា៤ម៉ឺនរៀល៕