(ព្រះវិហារ)៖ លោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានថ្លែងថា «ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥» សូមអង្គបោះឆ្នោតទាំងអស់ទូទាំងខេត្តព្រះវិហារ ត្រូវត្រៀមលក្ខណៈសម្បត្តិ ត្រៀមឯកសារពាក់ព័ន្ធ ពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបានទៅចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

ការថ្លែងរបស់លោក យស ផានីត្តា បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា, លោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត និងលោក អ៊ុយ សាគុណ អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត ព្រមទាំងមន្ត្រីគណបក្សជាច្រើនរូបទៀត នៅស្នាក់ការគណបក្សខេត្តព្រះវិហារ។

លោក យស ផានីត្តា បានសំដែងនូវការសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដូចគ្នា។ លោកថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក យស ផានីត្តា បានថ្លែងគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការបោះឆ្នោត ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

លោកបញ្ជាក់ថា នៅប្រទេសកម្ពុជាយើង ចាប់តាំងពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោកក៏ថ្លែងប្រាប់អង្គបោះឆ្នោតពីដំណើរការឃោសនារកសម្លេងឆ្នោត គឺពីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ចំណែកថ្ងៃទី២៤ ជាថ្ងៃស ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត។

លោក យស ផានីត្តា ក៏បានថ្លែងផ្តាំផ្ញើរដល់អង្គបោះឆ្នោតទាំងអស់ទូទាំងខេត្តព្រះវិហារ ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្ត ក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាប់ជាប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា សម្រាប់សមាជិកក្រុមប្រឹក្សាឃុំទូទាំងក្រុងព្រះវិហារ ដែលជាអង្គបោះឆ្នោតមានចំនួន១៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកត្បែងមានជ័យ ដែលជាអង្គបោះឆ្នោតមានចំនួន១៧នាក់៕