(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឡើងបង្ហាញអំពីវឌ្ឍនភាពការងារធនធានទឹកជូន រដ្ឋសភា នីតិកាលទី៧។

ប្រតិភូក្រសួង ដឹកនាំដោយ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខណៈដែលខាងរដ្ឋសភា ដឹកនាំដោយ លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ គឺគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា។

កិច្ចជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។

លោកសន្តិបណ្ឌិត ឡូយ សុផាត បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដូចជា អនុវត្តន៍ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការគ្រប់គ្រង អភិវឌ្ឍន៍ និងអនុវត្តន៍អនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម ដើម្បីធានាបាននូវសន្តិសុខទឹក ព្រមទាំងចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាមួយនឹងលទ្ធផលដែលក្រសួងសម្រេចបាន លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមជាមួយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឱ្យមានការផ្លាស់ប្តូរនូវរបបទឹកភ្លៀង រួមជាមួយការប្រែប្រួលយ៉ាងឆាប់រហ័សនៃគម្របដីបានធ្វើឱ្យប៉ះពាល់ដល់រំហូរទឹកនៅផ្នែកខាងលើនៃអាងទន្លេឬអាងស្ទឹង ព្រមទាំងបង្កឱ្យមានទឹកជំនន់ និងរាំងស្ងួតជាញឹកញាប់ ដែលកម្ពុជាបាននិងកំពុងជួបប្រទះ។

លោករដ្ឋមន្ត្រីបានបង្ហាញជូនគណៈកម្មការជំនាញនៃរដ្ឋសភាពីផែនការសកម្មភាព និងគោលនយោបាយអាទិភាពចំនួន៦ របស់ក្រសួងផងដែរ៖

ទី១៖ ពង្រឹងវិធានការការពារ ទប់ស្កាត់ និងអភិរក្សធនធានទឹក
ទី២៖ បន្តអភិវឌ្ឍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បការទឹក
ទី៣៖ បន្តស្តារ ជួសជុល និងថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំ
ទី៤៖ បន្តជំរុញលើកទឹកចិត្តឱ្យប្រជាកសិករស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ត្រ ក្នុងមូលដ្ឋានរបស់ខ្លួន
ទី៥៖ បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានជលសាស្ត្រ ឧតុនិយម ព្យាករអាកាសធាតុ និងផ្តល់ព័ត៌មានធាតុអាកាសបានមុនហេតុការណ៍
និងទី៦៖ ការគិតគូអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូអំពីការសាងសង់ច្រាំងទន្លេ គិតពីរំហូរទឹក និងគុណភាពទឹកទន្លេ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋសភា សូមបន្តជួយអន្តរាគមន៍ គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមខាងលើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសង្គមជាតិ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់លោករដ្ឋមន្ត្រីធនធានទឹករួចមក, សន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់លោករដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យធនធានទឹក និងឧតុនិយម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ៕