(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានផ្តាំអាជ្ញាធរដែនដី ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព សោភណ្ឌភាព និងមានទំនុកចិត្ត។

ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។់

លោក កើត ឆែ ក៏បានគូសរំលេចថា អាវុធនុយក្លេអ៊ែរខ្លាំងយ៉ាងណា ក៏នៅចាញ់ទឹកប៊ិចដែរ។ លោក កើត ឆែ បានស្នើដល់អ្នកដែលមានសិទ្ធប្រើប៊ិច ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងចុះហត្ថលេខាលើឯកសារណាមួយ គឺប្រើប៊ិចឱ្យចំគោលដៅ និងគិតគូរឱ្យគ្រប់ជ្រុងជ្រោយ។ ប៊ិចមានអំណាច នៅពេលអ្នកប្រើមានអំណាចដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក កើត ឆែ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយ នៃអាណត្តិរបស់ខ្លួន និងនាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដើម្បីឱ្យសមាគម បំពេញតួនាទីឱ្យកាន់តែសកម្មប្រកប ដោយឯករាជ្យភាព សក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់។

ការបង្កើតសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញឡើង ក្នុងគោលបំណងលើកកំពស់ឋានះ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ធានាសម្រេចបាននូវរដ្ឋបាលប្រជាធិបតេយ្យ តាមបែបវិមជ្ឈការដែលមានប្រសិទ្ធភាព និរន្តរភាព តម្លាភាព គណនេយ្យភាព និងមានការពឹងពាក់លើខ្លួនឯង៕