(កំពត)៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គិតត្រឹមខែមករា ឆ្នាំ២០២៤ វឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ បានសម្រេចលទ្ធផលការងារសរុបប្រមាណ៤០% ក្នុងនោះមានដូចជា៖ (១). ការងារសាងសង់តួថ្នល់ Sub-grade ៨៤,២៦% (២). ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base ៦៩,៩០% (៣). ស្រទាប់គ្រឹះសំរាំង Base-Course ៤៦.៤៦% (៤).ការងារសាងសង់លូមូល (Pipe Culvert) សម្រេចបាន ៨៧,៨៤% និងការសាងសង់លូជ្រុង (Box Culvert) សម្រេចបាន៩០.៩១%។

ដោយឡែកផ្លូវវាងទីប្រជុំជនចំនួនពីរកន្លែង ទី១ នៅផ្សារអង្គរជ័យ ការសាងសង់សម្រេចបាន ១៧%(កំពុងធ្វើការងារ Embankment) និងទី២ នៅផ្សារបន្ទាយមាស សម្រេចបាន៤៥%(កំពុងធ្វើការងារ Subbase ជាន់ទី២)។ ផ្លូវនេះមានប្រវែងសរុបប្រមាណ ប្រវែង៥៣,៥៣៩ គ.ម គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)៕