(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន Partnerships for Infrastructure (P4I) នៃប្រទេសអូស្រ្ដាលី ដឹកនាំដោយ Ms. Faith Considine លេខាទី២នៃស្ថានទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា បានដឹកនាំសិប្បសាលាផ្លាស់ប្ដូរចំណេះដឹងអំពីវិស័យទឹកកខ្វក់ កម្ពុជា-អូស្ត្រាលី រវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

សិប្បសាលាផ្លាស់ប្ដូរចំណេះដឹងនេះ បានធ្វើឡើង​នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា ក្រុមការងារស្ថាប័ន Partnerships for Infrastructure (P4I) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្រ្តីបច្ចេកទេសមកពីអង្គភាពជំនាញក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

សិប្បសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកកខ្វក់នៅទីប្រជុំជន ដែលបាននិងកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។ សិប្បសាលាបានធ្វើបទបង្ហាញ និងជជែកពិភាក្សាលម្អិតតាមផ្នែកនីមួយៗ ទាក់ទងអភិបាលកិច្ច និងបទប្បញ្ញត្តិទឹកកខ្វក់, ការជំរុញសហគមន៍លើកម្រិតតម្លៃ និងសេវាកម្មទឹកកខ្វក់, ការវាយតម្លៃសេដ្ឋកិច្ចនៃហិរញ្ញប្បទាន ភាពជាម្ចាស់ និងគំរូសេវាកម្ម សំដៅធ្វើឱ្យការស្វែងយល់លើវិស័យទឹកកខ្វក់នេះកាន់តែមានមានលក្ខណៈទូលំទូលាយ និងដឹងពីតម្រូវការជាក់ស្តែង និងបញ្ហាប្រឈមពីគ្នាទៅវិញទៅមក៕