(បាងកក,ថៃ)៖ កម្ពុជា និងថៃ បានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី «ភាពជាដៃគូ​ដើម្បីសន្ដិ​ភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី បានឱ្យដឹងថា ក្នុងជំនួបនោះ លោក សេដ្ឋា ថាវីស៊ីន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតីនាឱកាសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ កាន់តែរីកចម្រើន និងរឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែង​អំណរ​គុណលោកនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះដំណើរ​ទស្សនកិច្ច​ផ្លូវការលើកដំបូងរបស់សម្តេចធិបតី។

ក្នុងជំនួបនេះ សម្តេចធិបតី និងលោកនាយករដ្ឋមន្ត្រីថៃ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ច​សហប្រតិ​បត្តិ​​ការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​​ទាំងពីរលើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពលើការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី «ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបាន​បង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហ​ប្រតិ​បត្តិ​ការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាង​ព្រំ​ដែន​ប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។

សូមបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សាការងារថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះ​ហត្ថលេខា​ និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៥ រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ៕