(កំពត)៖ ប្រជាពលរដ្ឋមកពី៧ក្រុងស្រុក នៃខេត្តកំពត បានទទួលបណ្ណកម្មសិទ្ធិដីធ្លី ហើយអភិបាលខេត្តកំពត លោកបណ្ឌិត ម៉ៅ ធូនិន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យរាយការណ៍ទៅកាន់លោកផ្ទាល់ ករណីមានមន្ត្រី ឬបុគ្គលណាម្នាក់យកប្រាក់ជាថ្នូរក្នុងការរត់ការចេញបណ្ណកម្មសិទ្ធដីធ្លី។
ការណែនាំនេះ បានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណទុតិយតា) ជូនបងប្អូនប្រជាពលរដ្ឋមកពី៧ក្រុង-ស្រុក នៃខេត្តកំពត នាថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ដោយមានការចូលរួមពីលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត អភិបាលស្រុកទាំង៧ និងអ្នកពាក់ព័ន្ធជាច្រើន។
អភិបាលខេត្តកំពត បានលើកឡើងថា រាល់ការចេញបណ្ណកម្មសិទ្ធ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺត្រូវការប្រើប្រាស់ពេលវេលារួមមាន៖
*ទី១៖ ត្រូវស្រាវជ្រាវរកម្ចាស់ពិតប្រាកដដែលមានការស្នើសុំ
*ទី២៖ តើមានការប្តឹងផ្តល់ដែរឬទេ ចំពោះការស្នើសុំ?
*ទី៣៖ ស្វែងរកអ្នករត់ការដែលប្រើប្រាស់រូបភាពយកប្រាក់ជាថ្នូរនឹងការចេញបណ្ណកម្មសិទ្ធ។
លោកអភិបាលខេត្ត បានបន្តទៀតថា ដំណើរការនៃការចេញបណ្ណនេះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានធ្វើជូនបងប្អូនតាមនីតិវិធី ហើយប្រសិនបើបងប្អូនបានជួបមន្ត្រី ឬបុគ្គលណាម្នាក់ថាចេញមុខរត់ការ និងយកកម្រៃពីបងប្អូន សូមទំនាក់ទំនងមកកាន់រូបលោកជាអភិបាលខេត្តផ្ទាល់ ព្រោះអ្នករត់ការទាំងនោះ គ្មានសិទ្ធិក្នុងការទទួលយកប្រាក់កម្រៃពីបងប្អូននោះឡើយ ហើយហាមដាច់ខាតមិនឱ្យមានមន្ត្រី ឬបុគ្គលណាមួយរត់ការលើការ ចេញបណ្ណនោះឡើយ។
លោកអភិបាលខេត្ត បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកតែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។
សម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិតជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលបានមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណទុតិយតា) បានសំដែងនូវចិត្តសប្បាយរីករាយ ដែលបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តបានយកចិត្តទុកដាក់ និងគិតគូរពីតម្រូវការ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណទុតិយតា) ឱ្យពួកគាត់នាពេលនេះ ព្រោះបណ្ណនេះ គឺមានសារៈសំខាន់សម្រាប់ផ្តល់ជូនកូនចៅ និងជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) ជូនបងប្អូនប្រជាពលរដ្ឋ មកពី៧ក្រុង-ស្រុកក្នុងខេត្តកំពត មានចំនួន៩៦បណ្ណ ក្នុងនោះ ស្រុកទឹកឈូមានចំនួន៣បណ្ណ, ស្រុកឈូកមានចំនួន ១៦បណ្ណ, ស្រុកជុំគិរីមានចំនួន ២៩បណ្ណ, ក្រុងកំពត មានចំនួន ៣បណ្ណ, ស្រុកកំពង់ត្រាចមានចំនួន ១៥បណ្ណ, ស្រុកអង្គរជ័យ មានចំនួន ២២បណ្ណ និងស្រុកបន្ទាយ មាសមានចំនួន ៨បណ្ណ ដែលការស្នើសុំចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណទុតិយតា) ពីពលរដ្ឋភាគច្រើនបានបាត់ និងមានការខូចខាតដោយប្រការផ្សេងៗ។
ក្នងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលមកទទួលបណ្ណមានសារ៉ុងចំនួន១ អង្ករ១០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕