(បាងកក, ថៃ)៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពស់បំផុត ពីសំណាក់លោក សេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ។
កម្រាលព្រំក្រហមឆ្អិនឆ្អៅដ៏វែងអន្លាយ កងកិត្តិយស និងកងត្រែទ័ព ត្រូវបានរៀបចំយ៉ាងសមសួនបំផុត ជាការស្វាគមន៍ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជា។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ។ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសថៃ នាពេលនេះជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕