(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយលោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម។

ជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងធនធានទឹក និងឧតុនិយម បានធ្វើឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ។

លោកសន្តិបណ្ឌិត ឡូយ សុផាត ប្រធានអង្គប្រជុំ បានថ្លែងថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកវិស័យទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់អនុវត្តភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដូចជា អនុវត្តន៍ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការគ្រប់គ្រង អភិវឌ្ឍ និងអនុវត្តអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម ដើម្បីធានាបាននូវសន្តិសុខទឹក ព្រមទាំងចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ជាមួយនឹងលទ្ធផលដែលក្រសួងសម្រេចបាន លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមជាមួយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឱ្យមានការផ្លាស់ប្តូរនូវរបបទឹកភ្លៀង រួមជាមួយការប្រែប្រួលយ៉ាងឆាប់រហ័សនៃគម្របដីបានធ្វើឱ្យប៉ះពាល់ដល់រំហូរទឹកនៅផ្នែកខាងលើនៃអាងទន្លេ ឬអាងស្ទឹង ព្រមទាំងបង្កឱ្យមានទឹកជំនន់ និងរាំងស្ងួតជាញឹកញាប់ ដែលកម្ពុជាបាននិងកំពុងជួបប្រទះ។

លោករដ្ឋមន្ត្រីបានបង្ហាញជូនគណៈកម្មការជំនាញនៃរដ្ឋសភា ពីផែនការសកម្មភាព និងគោលនយោបាយអាទិភាពចំនួន ៦របស់ក្រសួងផងដែរ៖

* ទី១៖ ពង្រឹងវិធានការការពារ ទប់ស្កាត់ និងអភិរក្សធនធានទឹក
* ទី២៖ បន្តអភិវឌ្ឍ និងជំរុញការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បការទឹក
* ទី៣៖ បន្តស្តារ ជួសជុល និងថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំ
* ទី៤៖ បន្តជំរុញលើកទឹកចិត្តឱ្យប្រជាកសិករស្ម័គ្រចិត្តចូលរួមបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកនៅតាមគ្រប់ប្រព័ន្ធធារាសាស្ត្រ ក្នុងមូលដ្ឋានរបស់ខ្លួន
* ទី៥៖ បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានជលសាស្ត្រ ឧតុនិយម ព្យាករអាកាសធាតុ និងផ្តល់ព័ត៌មានធាតុអាកាសបានមុនហេតុការណ៍
* និងទី៦៖ ការគិតគូអំពីសុខភាពទន្លេ ដោយធ្វើយ៉ាងណាគិតគូអំពីការសាងសង់ច្រាំងទន្លេ គិតពីរំហូរទឹក និងគុណភាពទឹកទន្លេ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានសំណូមពរដល់រដ្ឋសភា បន្តជួយអន្តរាគមន៍ គាំទ្រ ជំរុញក្នុងការបង្កើនថវិកា សម្រាប់ការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីជួយដោះស្រាយបញ្ហាប្រឈមខាងលើ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសង្គមជាតិ៕