(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន តាមសារព័ត៌មាន Nikkei របស់ជប៉ុន និង RFI ដែលមានចេតនាអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជិតចូលមកដល់។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាបានដកស្រង់សម្តីមកផ្សាយដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។

តាមរយៈការដកស្រង់សម្តីរបស់សារព័ត៌មានទាំងពីរ លោក ទាវ វណ្ណុល បានអះអាងថា រាជរដ្ឋាភិបាលបានដាក់កាម៉េរ៉ានៅមុខផ្ទះរបស់លោក ដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។ លោកទាវ វណ្ណុល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹងប្រជាធិបតយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយនិងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណុល និងសូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបដូចខាងក្រោម៖

ទី១៖ គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណុល ដូចការអះអាងមួលបង្កាច់របស់គាត់នោះឡើយ។ កាម៉េរ៉ានានាដែលបានដាក់នៅតាមទីសាធារណៈទូទាំងប្រទេសក៏ដូចជានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគឺ ក្រោមមូលហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ ហើយក៏គ្មានគោលការណ៍ដាក់កាម៉េរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយនោះឡើយ។

ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តិល្មើសច្បាប់ដោយគ្មានការបែងចែកថា អ្នកនោះមានឋានៈតួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាគ្មានទេអ្នកទោសនយោបាយគឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។

ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ជាពិសេសក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យទៅវិញទេពោលគឺប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។

ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើប្រាស់សិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនាមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។

ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និងការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការរំលោភបំពានដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញគឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការបំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលយល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កត្តិយសអ្នកដទៃ ដែលច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។

ជាថ្មីម្តងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់សាធារណមតិជាតិនិងអន្តរជាតិជ្រាបថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្តេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឹងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕