(ភ្នំពេញ)៖ ដោយមើលឃើញពីភាពមមាញឹក របស់បងប្អូនប្រជាពលរដ្ឋ នៅពេលថ្ងៃ ដូច្នេះនៅម៉ោង ១៨៖២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ ព្រំ សន្ធរ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ លោកចៅសង្កាត់ទៀន និងមន្ត្រី ផ្នែកជំនាញស្ថិតិ អត្តសញ្ញាណប័ណ្ណ បានចុះចែកសៀវភៅគ្រួសារ៣៨គ្រួសារ នៅតាមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ។
ការចុះប្រតិបត្តិការ ការងារនេះក៏ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលកម្លាំងនៃអធិការដ្ឋាន ចុះធ្វើសៀវភៅស្នាក់ និងអត្តសញ្ញាណប័ណ្ណ ទាំងយប់ជូនដល់ពួកគាត់បែបនេះ។
លោកវរសេនីយទោ ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មូលហេតុដែលលោកបានដឹកនាំមន្រ្តីរបស់លោកចុះធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសៀវភៅស្នាក់ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋទាំងយប់បែបនេះ គឺដោយសាមើលឃើញ នូវភាពមមាញឹករបស់បងប្អូន ក៏ដូចមន្ត្រីរាជការ ក្នុងមូលដ្ឋានដែលចេញទៅប្រកបរបរអាជីវកម្ម សម្រាប់ទ្រទ្រង់ក្រុមគ្រួសារដោយពុំមាន ពេលមកធ្វើ ឬមកទទួលយកនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ នៅពេលថ្ងៃទើបលោកដឹកនាំមន្ត្រីចុះធ្វើ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ហើយក៏ដើម្បីឲ្យពួកគាត់ទទួលបាន យកទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍រៀងៗខ្លួន។
ជាមួយគ្នានេះដែរ លោកអធិការ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ធ ទាំងអស់ដែលរស់នៅក្នុងខណ្ឌទាំងមូល ដែលពុំទាន់បាន ទទួលធ្វើអត្តសញ្ជាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សូមរូសរាន់មកធ្វើឲ្យបានគ្រប់ៗគ្នា៕