(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រគល់រថយន្ត១គ្រឿង បំពាក់សារ៉ែនរួចជាស្រេចដល់រដ្ឋបាលស្រុកឆែប សម្រប់បម្រើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រាប់អន្តរាគមន៍ក្នុងករណីមានហេតុការណ៍កើតឡើង។

លោក គីម រិទ្ធី បានថ្លែងថា ការប្រគល់រថយន្តជូនរដ្ឋបាលស្រុកឆែប នាពេលនេះ គឺចង់ពង្រឹងតួនាទី ភារកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ចង់ឱ្យគណៈបញ្ជាការឯកភាពស្រុកអភិវឌ្ឍលើតួនាទីភារកិច្ចរបស់ខ្លួន លើការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ និងការបង្ការ បង្ក្រាបបទល្មើសដែលមាននគរបាលយុត្តិជាសេនាធិការ រួមមាន៖ ប៉ូលីស ប៉េអឹម និងយោធា លើកការងារដឹកនាំគណៈបញ្ជាការឯកភាពស្រុក។

អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការប្រគល់រថយន្តមួយគ្រឿងនេះដល់រដ្ឋបាលស្រុកឆែប ក្រៅពីការងារបង្រ្កាបបទល្មើស ការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលស្រុកក៏នៅមានការជាច្រើនបម្រើសេវាជូន ប្រជាពលរដ្ឋ ដូចជាការងារដោះស្រាយទំនាស់ ធ្វើបណ្ណជូនប្រជាពលរដ្ឋ ការងារចុះវាស់វែងដីជូនប្រជាពលរដ្ឋ និងការងារផ្សេងៗទៀត ដែលត្រូវការ ការឆ្លើយតបពីរដ្ឋបាលស្រុក។

លោក គីម រិទ្ធី បានគូសបញ្ជាក់ថា ក្រៅពីការងារដែលរៀបរាប់ខាងលើ រថយន្តនេះក៏អាចយកទៅប្រើប្រាស់ក្នុងការដោះស្រាយគ្រោះមហន្តរាយ ការងារសមាគមអតីតយុទ្ធជន។

លោកបានណែនាំឱ្យអភិបាលស្រុក បិទលេខទូរស័ព្ទផ្ទាល់ខ្លួននៅលើរថយន្តនេះ ដើម្បីឲ្យប្រជាជន ពេលមានបញ្ហាអាចទូរស័ព្ទមកលោកផ្ទាល់ ប៉ុន្តែបើលោកអភិបាលស្រុករវល់ អាចឱ្យអភិបាលរងស្រុកទៅដោះស្រាយជំនួស ធ្វើបែបនេះយើងដោះស្រាយបានលឿនជូនប្រជាពលរដ្ឋ។

លោក គីម រិទ្ធី បានសង្ឃឹមថា រដ្ឋបាលស្រុក នឹងប្រើប្រាស់រថយន្តនេះតាមគោលដៅ ពិសេសលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។ លោកក៏បានចែកផែនទីដល់រដ្ឋបាលគ្រប់ឃុំទូទាំងស្រុកឆែបផងដែរ ដើម្បីឱ្យរដ្ឋបាលឃុំទាំងអស់ អាចដឹង និងកំណត់លើការងារគ្រប់គ្រងដែនដីរដ្ឋបាលរបស់ខ្លួនមានភាពងាយស្រួល៕