(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ដែលរងការខូចខាតជាដំណំមួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវេង មានប្រវែងសរុប១៤,៨៤០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រ។

គួររំលឹកថា ផ្លូវនេះសាងសង់ឡើងក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០១៩មកម្ល៉េះ និងទទួលរងការខូចខាតខ្លាំងដោយការដឹកលើសទំងន់កំណត់។ បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាពក្នុងការជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងប្រកបរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

បន្ទាប់មក លោករដ្ឋមន្រ្ដីបានទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀតមានប្រវែង១១.២០គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ទៅភូមិទេពនិមិត្ត ឃុំគរ ស្រុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលស្ថាបនាបានប្រមាណ១០% នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។

បន្ទាប់ពីត្រួតពិនិត្យខ្សែផ្លូវទាំង២ខ្សែរួចមក លោករដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានជួបសំណេះសំណាល និងពិនិត្យសាលាបុណ្យ និងជាទីស្នាក់ការភូមិគំរូមួយកន្លែងស្ថិតនៅភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិល្វាតូច ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូលផងដែរ។ តបតាមសំណើរបស់ប្រជាពលរដ្ឋនាឱកាសនោះ លោករដ្ឋមន្ដ្រីបានជូនឧបករណ៍បំពងសំឡេងចំនួន៥ឈុត ជូនដល់ភូមិគំរូទាំង៥ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមរបស់សហគមន៍ផងដែរ៕