(តាកែវ)៖ សាស្ត្រាចារ្យ បណ្ឌិត ចំនួន ២រូប រួមមាន Prof. Dr. phil. Jens Jürgen Clausen និង Prof. Dr. Edgar Kösler មកពីសាកលវិទ្យាល័យ Catholic University of Applied Sciences ទីក្រុង Freiburg ប្រទេសអាល្លឺម៉ង់ បានធ្វើជាវាគ្មិន ក្នុងសិក្ខាសាលាស្រាវជ្រាវក្រោមប្រធានបទ «ការយកចិត្តទុកដាក់លើកម្មវិធីស្រាវជ្រាវក្នុងការបង្រៀន និងការរៀន» ដោយផ្តោតលើសង្គមកិច្ច និងបរិយាបន្នសង្គមដល់និស្សិតកម្ពុជា មកពីវិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសន្តប៉ូលមានកិត្តិយស ដោយមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងសង្គមកិច្ច និស្សិតផ្នែកសង្គមកិច្ចនៃវិទ្យាស្ថានសន្តប៉ូល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិសង្គមកិច្ច អង្គការការីតាសកម្ពុជា និងសម្ព័ន្ធកាតូលិកដើម្បីមនុស្សធម៌និងការអភិវឌ្ឍផងដែរ។

ក្នុងឱកាសនោះ លោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានលើកឡើងថា នេះជាសិក្ខាសាលាលើកទី៣ ហើយសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងចង់ឲ្យសិក្ខាកាម ចេះបង្កើតគម្រោងតូចៗ ក្នុងការស្រាវជ្រាវ នៅតាមស្ថាប័នរបស់ពួកគាត់។ ដូច្នេះ គម្រោងនៃការស្រាវជ្រាវនេះ ជាគោលបំណងសំខាន់បំផុតនៃសិក្ខាសាលា ដោយចប់សិក្ខាសាលា សិក្ខាកាមរកឃើញសំណួរក្នុងការស្រាវជ្រាវ ទាំងក្នុងប្រភេទបរិមាណវិស័យ និងគុណវិស័យ ដោយផ្តោតលើបរិយាបន្នសង្គម និងសង្គមកិច្ច។

លោកបន្តថា សិក្ខាសាលានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងក៏ចង់បន្តពង្រឹង និងពង្រីក សហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិសង្គមកិច្ច និងវិទ្យាស្ថានសន្តប៉ូល ចំពោះនិស្សិតសង្គមកិច្ច ថាតើត្រូវធ្វើយ៉ាងម៉េចទៀត ដើម្បីសហការជាមួយគ្នា និងជួយសង្គមជាតិទៅលើវិស័យសង្គមកិច្ច។

លោក ផុន សុផល បង្ហាញក្តីរំពឹងទុកថា សិក្ខាសាលានេះ នឹងផ្តល់គុណតម្លៃសម្រាប់និស្សិត និងអ្នកចូលរួមឲ្យយល់បន្ថែមទៅលើសារៈសំខាន់នៃការស្រាវជ្រាវ ខណៈមាតិកា ដែលបានរៀបចំមានខ្លឹមសារល្អ ហើយវាគ្មិនជាសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ ជាង ២៥ឆ្នាំ ដែលបានបង្រៀននៅសាកលវិទ្យាល័យប្រទេសអាល្លឺម៉ង់ ផ្នែកសង្គមកិច្ច និងបរិយាបន្នសង្គម។ ដូច្នេះ ខ្លឹមសារបង្រៀនពិតជាមានអត្ថន័យជ្រាលជ្រៅ នៅក្នុងការចេះបង្កើតសំណួរ ចេះស្រាវជ្រាវ និងរកវិធីសាស្ត្រស្រាវជ្រាវ ក៏ដូចជាមានគម្រោងស្រាវជ្រាវ។

សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

ខាងក្រោមនេះជាវីដេអូ៖