(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី៦ ខែកុម្ភៈ បានសុំអំពាវនាវឲ្យនារីម្នាក់ មកដាក់ពាក្យបណ្តឹង ក្រោយបង្ហោះសារទម្លាយរឿងមន្រ្តីនគរបាលចរាចរណ៍ចាប់ផាកពិន័យ និងបានឆាតសុំស្រឡាញ់។

នៅថ្ងៃនេះនៅតាមបណ្តាញសង្គមមានការចែកចាយព្រោងព្រាត និងចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទមួយនោះគឺនារីស្រស់ស្អាតម្នាក់មានឈ្មោះ ម៉ូ លីកា បានទម្លាយសារឆ្លើយឆ្លងរវាងនាង និងមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលអះអាងថាខ្លួនមានតួនាទីជានាយរងការិយាល័យចរាចរណ៍ជើងគោក រហស្សនាម «ព្រួញ៧៧» ប្រចាំនៅគោលដៅក្តាន់២ ចាប់ផាកពិន័យ និងបានសុំលេខទូរស័ព្ទឆាតមកឆ្លើយឆ្លងតាមស្នេហ៍ទៀតផង។

ក្រោយមានការផ្សាយពីករណីនេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់នៅលើហ្វេសបុករបស់លោកថា «សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន! ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូ ដើម្បីសហការ និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី! ដូច្នេះពូសង្ឃឹមថា ក្មួយនឹងមកសហការជាមួយពូដើម្បីរកយុត្តិធ៌មដល់ក្មួយជាមិនខាន! ព្រោះពូ ស្រាវជ្រាវបានមួយជំហានហើយ! ពូសង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ! តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេ ពូក៏ធ្វើការងារនេះជូនដល់មហាជនទូទាំងប្រទេសដើម្បីជ្រាបជាការពិតដែរ»។

ខាងក្រោមនេះជាសាររបស់នារីឈ្មោះ ម៉ូលីកា ដែលបានបាញ់ចូលទៅតាមគ្រុប Telegram អមដោយរូបក្រុមនគរបាលចរចរណ៍ និងសារឆ្លើយឆ្លងរវាងនាង និងមន្រ្តីនគរបាលចរាចរណ៍រូបនោះ។

នាងខ្ញុំឈ្មោះ ម៉ូលីកា សូមប្តឹងទៅលោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិសន្តិបណ្ឌិត ស សុខា និងលោកអ៊ុំ ជួន ណារិន្ទ ដែលជាស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បត៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤
វេលាម៉ោង ២រសៀល នាងខ្ញុំបានចេញពីរផ្ទះនៅស្ទឹងមានជ័យ ដែលនាងខ្ញុំបើកឡានជូនម្តាយទៅពេទ្យបន្ទាន់ ដោយសារម្តាយថប់ដង្ហើម គាត់មានជំងឺបេះដូង ញុំាអត់ទៀងទាត់ក៏បានធ្វើទុក្ខគាត់ខ្លាំង។

ពេលមកដល់ចំណុង ស្តុបក្តាន់២ នៅវេលាម៉ោង ២៖៥៣នារីរសៀល នាងខ្ញុំឃើញស្តុបពណ៌លោតហើយ ឡានខ្ញុំជ្រុល ក៏បានឈប់គោរពច្បាប់ មិនទៅមុខទៀតទេ ខ្ញុំឈប់លើគំនូស ស ហើយពេលភ្លើងលោតបៃតង ខ្ញុំក៏ទៅមុខទៅមុខទៀតឆ្លងកាត់ចូលផ្លូវបឹងកក់។ ពេលនោះមាន ប៉ូលីស៣នាក់ មានគ្នា២នាក់ចុះមកចាប់ឡាននាងខ្ញុំ ហើយបានអញ្ជើញនាងខ្ញុំចុះ ខ្ញុំសួរថាពូចាប់ តើខ្ញុំខុសអី? គាត់ថា មីអូនឯងមិនបាច់និយាយច្រើនទេ ចុះទៅដឹងហើយ នាងខ្ញុំថា ពូ ខ្ញុំប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថប់ដង្ហើម តែពួកគាត់អត់ព្រមទេ ហើយនិយាយថា ហែងចុះសិន បើគាត់ដកចង្ការមាន់ចាំអញហៅឡានពេទ្យដឹកទៅពេទ្យ។

ពេលខ្ញុំទៅជួបពូប៉ូលីសម្នាក់ទៀតនៅអង្គុយក្បែរម៉ូតូ គាត់សុំត្រួតពិនិ្យបណ្ណបើកបរ ពេលនោះខ្ញុំឲ្យគាត់មើលហើយគាត់ថា ចុះឯណា វិញ្ញាប័ត្រ ឆៀក និងកាតគ្រី គាត់ថាឡានមីអូនឯង ផុតឆៀកហើយ ចឹងមាត្រា ៨០ គេពិន័យ ឆៀក ២០ម៉ឺន។ មួយទៀត ឈប់លើគំនូស ១៥ម៉ឺនរៀលទៀត។ ខ្ញុំថាពូ ខ្ញុំសុំជូនពូ ២០ដុល្លារ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ គាត់ថា បើប្រញាប់បង់គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃឲ្យសល់ ២៥ម៉ឺនរៀល
ចុងក្រោយគាត់ថា បើអត់លុយយកឡានទៅទុកចោលនៅខណ្ឌសិន ខ្ញុំសួរខណ្ឌនៅឯណា គាត់ថានៅដូនពេញ។

ខ្ញុំថាឥឡូវពូយកប៉ុន្មាន មានតែ១៧ម៉ឺនរៀលទេ គាត់ថា ទៅជួបមេគាត់ដែលពាក់ស៊ីវិលទៅ។ ពេលទៅជួប បងជនស៊ីវិលនោះគាត់គាត់បាញ់ ABA មក ហើយយក ២០ដុល្លារ ទៅឲ្យកូនចៅគាត់មិញទៅ គាត់អង្គុយជិតម៉ូតូ ខ្ញុំមើលឈ្មោះព្រិលៗឈ្មោះ ខៀ សុខឡាយ។ នាងខ្ញុំសួរ គាត់ថា ចុះឯណាបណ្ណផាក គាត់ថា បើចង់បានយកឡានទៅខណ្ឌសិន ឬយកទៅក្រោយវាំង ហើយជនស៊ីវិលនេះ ឆ្លៀតយកលុយខ្ញុំហើយ សុំលេខមកញ៉ែនាងខ្ញុំទៀត ថោកណាស់។ សូមសំណូមពរ លោកពូ ជួន ណារិន្ទ ណែនាំពួកគាត់ផង ចេះអនុគ្រោះដល់អ្នកជំងឺក្នុងឡានផង៕