(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរធនធានទឹក និងអភិបាលស្រុកមង្គលបូរី ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រពនៅភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយតបដោះស្រាយ បញ្ហាប្រជាពលរដ្ឋ ដោយមិនទុកឱ្យបញ្ហាទាំងនោះកើតមានឡើងដោយមិនបានដោះស្រាយនោះឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ «ស្រូវប្រាំងខ្វះខាតទឹកត្រៀម ប្រមូលផលប្រមាណជាង១០០០ហិកតា នៅផ្នែកខាងលើស្ទឹងមង្គលបូរី ឃុំរហាត់ទឹក ត្រូវបានក្រុមការងាររបស់យើង ខួងអណ្តូងយកជួយសង្គ្រោះបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេងថែមទៀត តាមស្ថានភាពជាក់ស្តែង»

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្ត បានឱ្យដឹងដែរថា ក្នុងឃុំសំបួរ ស្រុកមង្គលបូរី ស្រូវដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពមានចំនួន ១,២៥០ហិកតា។ ដូច្នេះចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានបូមសង្គ្រោះស្រូវបានទាន់ពេលវេលា ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន៩គ្រឿង ដោយបូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន៧ ហើយលទ្ធផលសម្រេចគឺ១១៦៥ហិកតា ស្មើនឹង ៩៣.២០ភាគរយ។

ចំណែកស្រូវនៅសល់ចំនួន៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បន្តបូមសង្គ្រោះរហូតដល់ថ្ងៃទី៦ ខែកុម្គៈ ឆ្នាំ២០២៤ នឹងបញ្ចប់គ្រប់ផែនការជួយបូម សង្រ្គោះរួចផុតពីរាំស្ងួត១០០ភាគរយ។

ប្រជាពលរដ្ឋ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់៕