(កំពង់ធំ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ​ការដ្ឋាន​សាងសង់​ស្ថានីយទឹកបរិសុទ្ធ ក្នុងស្រុកកំពង់ស្វាយ ដែលជាជំនួយឥតសំណង​នៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) ផ្តល់ជូនប្រជាជនស្រុកកំពង់ស្វាយ នៅភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ នៅលើទីតាំងដីរដ្ឋបាលស្រុក។

​ស្ថានីយទឹកបរិសុទ្ធនេះ ស្ថាបនាឡើងក្រោមការគាំទ្រពីលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងអាជ្ញាធរខេត្តកំពង់ធំ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បងពិសេសការប្រើប្រាស់ទឹក។

លោកបានបន្តថា ដោយមានការជួយឧបត្ថម្ភសាងសង់ស្ថានីយទឹកស្អាត ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ប្រើប្រាស់ ដែលរួមមានប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រាល (ក) ភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឫស្សី និងភូមិព្រៃប្រស់, ភូមិឫស្សីជះ ឃុំត្បែង មានគ្រួសារសរុប ចំនួន១០៤២គ្រួសារ ចំនួនមនុស្សសរុប ៤ ៧៤៨ នាក់ ស្រី ២,៣៩៨នាក់ ហើយពួកគាត់មកទទួលយកទឹកនៅកន្លែងស្ថានីយយកទៅប្រើប្រាស់រៀងៗខ្លួន៕