(ត្បូងឃ្មុំ)៖ អធិការនគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក អោម មុន្នីវណ្ណ បានឲ្យដឹងថា គិតត្រឹមម៉ោង១០៖១០ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ អគ្គិភ័យដែលបានឆាបឆេះ រោងចក្រកែច្នៃអារឈើ TK នៅភូមិទួលអង្ក្រង ឃុំក្រែក បានរលត់ទៅវិញហើយ ប៉ុន្តែនៅសល់រងើកភ្លើងខ្លះដែលកម្លាំងនគរបាលរបស់លោក កំពុងបាញ់បន្តទៀត។
លោកអធិការបានបន្តថា សម្រាប់មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យនេះកើតឡើង គឺអាចបណ្តាលមកការអារជ្រៀកឈើ និងដើមគរ ជាហេតុនាំឲ្យកំទេចលើងធ្លាក់ទៅលើដើមគរ រួចឆាបឆេះបន្តិចម្តងៗ រហូតខ្លាំងតែម្តង បើទោះបីម្ចាស់រោងចក្រឆ្លើយថា បណ្តាលមកពីឆ្លងចរន្តភ្លើងក៏ដោយនោះ។
បើតាមអធិការរូបនេះ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចបានប្រើឡានទឹក អស់ប្រមាណជិត២០ឡានផងដែរ ហើយទំហំនៃការខូចខាតវិញ គឺបំផ្លាញម៉ាសីុនអារឈើចំនួន២គ្រឿង និងឈើមួយចំនួនធំផងដែរ។
យ៉ាងណាក៏ដោយ អគ្គិភ័យមិនបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់កម្មករ ដែលបម្រើការងារនៅរោងចក្រមួយនេះទេ៕