(ថៃ)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសថៃ លោក Sutin klungsang បានប្រកាសថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមចលនាប្រឆាំងកម្ពុជា ធ្វើការប្រមូលផ្តុំតវ៉ាដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយដោយចាត់ទុកថាជាទង្វើខុសច្បាប់ ហើយប្រទេសរបស់លោក ក៏មិនអនុញ្ញាតឲ្យមានចលនាប្រឆាំងប្រទេសជិតខាងនៅលើទឹកដីថៃនោះដែរ។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងប្រទេសថៃ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក Sutin klungsang បានបញ្ជាក់ថា លោកកំពុងតាមដានជនជាតិខ្មែរមួយចំនួន ដែលចង់ធ្វើចលនាក្នុងអំឡុងពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសថៃ។ លោកបានបញ្ជាក់ច្បាស់ៗថា «យើងមិនអនុញ្ញាតឲ្យធ្វើខុសច្បាប់ ក្នុងប្រទេសយើងបានឡើយ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ មុនដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសថៃ, មានព័ត៌មានថាអាជ្ញាធរថៃបានចាប់ឃាត់ខ្លួនជនជាតិខ្មែរមួយចំនួន ដែលរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។

មុនដំណើរទស្សនកិច្ចនេះ នៅក្នុងប្រទេសថៃ មានទាំងព្រះសង្ឃ ពាណិជ្ជករ អាជីវករ និងពលករខ្មែរជាច្រើនាក់ រួមទាំងជនជាតិថៃផងនោះ បានចេញវីដេអូស្វាគមន៍យ៉ាងព្រោងព្រាត ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយពួកគេរំពឹងថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ កាន់តែរីកចំរើនខ្លាំងឡើង ជាពិសេសការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនខ្មែរ-ថៃ។

នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចុះផ្សាយដោយកាសែតថៃ មិតិឈុន, រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងថា សមត្ថកិច្ចកំពុងតាមដានមើលសកម្មភាពចលនារបស់ពួកប្រឆាំងកម្ពុជានៅថៃ។ លោកថា «នគរបាលស្រាវជ្រាវ និងព័ត៌មានរបស់ថៃ កំពុងតែពិនិត្យមើលករណីនេះ ហើយថៃមិនអនុញ្ញាតឲ្យជនបរទេសណា មកយកទឹកដីថៃ ធ្វើចលនានយោបាយប្រឆាំងប្រទេសដទៃ ដែលខុសពីច្បាប់ នៃព្រះរាជាណាចក្រថៃជាដាច់ខាត»

រដ្ឋមន្រ្តីការពារជាតិថៃរូបនេះ បានបន្តទៀតថា «បើសិនជាឃើញមានសកម្មភាពនេះ យើងនឹងមានវិធានការពីស្រាលទៅធ្ងន់»

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា ប៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហូរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។ សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន លោកសាស្ត្រាចារ្យ ផនកេត វិឈិតធុល ឆៃ ប្រធានព្រឹទ្ធសភា និង លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសថៃ នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕