(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Park Do Kwon អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំ VIP សាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធនានាមួយចំនួនផងដែរ។

នាឱកាសនោះលោក សុខ លូ បានស្វាគមន៍ និងលើកឡើងបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ខេត្តបាត់ដំបង ជម្រាបជូនទៅភាគីកូរ៉េបានដឹង និងបានស្នើសុំឲ្យភាគីទាំងពីរបង្កើនកិច្ចសហការជាមួយ គ្នាបន្ថែមទៀតពិសេសជួយកៀរគវិនិយោគិនភាគីកូរ៉េ មកវិនិយោគរកស៊ីនៅខេត្តបាត់ដំបង ក៏ដូចជាបានជួយប្រជាពលរដ្ឋកម្ពុជាក្នុងខេត្តមានឱកាសទទួលបានការងារ និងបទពិសោធន៍លើវិស័យនានា ធ្វើឲ្យទឹកដីក្នុងខេត្តមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង។

លោកអភិបាលខេត្តបានបញ្ជាក់ប្រាប់ទៅភាគីកូរ៉េថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងជាង១.៤លាននាក់ ជាខេត្តមានប្រវត្តិសាស្រ្តយូរលង់មកហើយ ជាខេត្តដែលជាប់ព្រំប្រទល់ចំនួន៣ នៃប្រទេសថៃ ហើយមានសំណង់អគារបុរាណច្រើនចំនួនជាង ៨០០ខ្នងផ្ទះ ព្រមទាំងមានសក្តានុពលខ្លាំងខាងវិស័យកសិម្ម, ឧស្សាហកម្ម, សិប្បកម្មកែច្នៃយើងកម្រិតតិចតួនៅឡើយដោយវិស័យទេសចរណ៍ មានលក្ខណ:ធម្មជាតិនិងកែច្នៃជាច្រើនកន្លែងផងដែរ។

លោកបានស្នើដល់ឯកអគ្គកុងស៊ុលកូរ៉េ ជួយទាក់ទាញអ្នកវិនិយោគខាងកូរ៉េ មករកស៊ីនៅខេត្តបាត់ដំបងឲ្យបានច្រើន ពិសេសក្នុងវិស័យកសិឧស្សាហកម្ម កែច្នៃផលិតផលផ្សេងៗ ដែលខេត្តយើងកំពុងមានការខ្វះខាតដៃគូររកស៊ី ព្រមទាំងស្វាគមន៍អ្នកវិនិយោគកូរ៉េគ្រប់វិនិយោគិនទាំងអស់ លោកក៏បានស្នើអំពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងជាមួយខេត្ត ឬ ក្រុងណាមួយនៃប្រទេសកូរ៉ផងដែរ ដោយកន្លងមកខេត្តបាត់ដំបង ពុំទាន់មានការចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត ឬ ក្រុងណាមួយនៃប្រទេសកូរ៉នៅឡើយទេ។

លោក Park Do Kwon បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបងដែលបានទទួលជួបពិភាក្សាការងារ និងបានបញ្ជាក់ថា លោកបានចូលកាន់ជាអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាបតាំងពីខែសីហា ឆ្នាំ២០២២មកម្លេះ ដោយសារតែរវល់ការងារច្រើនទើបមិនដែលបានមកបាត់ដំបង ដើម្បីស្វែងយល់និងសួរសុខទុកគ្នាសោះមកទល់ពេលនេះ លោកក៏បានដឹងថា អ្នករស់នៅខេត្តបាត់ដំបងសម្បូរណ៍អ្នកចេះដឹងច្រើន និងមានប្រជាជនច្រើនក្នុងការរស់នៅ។

លោកបន្តថា អគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាបរបស់លោក គឺគ្រប់គ្រងចំនួន៦ខេត្ត មានខេត្តសៀមរាប,ឧត្តមានជ័យ,បន្ទាយមានជ័យ,បាត់ដំបង,និងប៉ៃលិន ស្ថានកុងស៊ុលលោកបានបើកសម្ពោធជាផ្លូវការនៅឆ្នាំ២០១៦មក។

លោកបានសង្កេតឃើញថាប្រជាជនកម្ពុជារស់នៅប្រកបដោយមានការរាក់ទាក់ល្អ ពិសេសនោះកម្ពុជានោះ កម្ពុជាមានប្រាសាទអង្គរវត្តដ៏អស្ចារ្យ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែបានជួយ ជ្រោមជ្រែង ដល់ប្រជាជនកូរ៉េកំពុងស្នាក់នៅប្រកបការងារនានា ក្នុងខេត្តបាត់ដំបង ក៏ដូចជាប្រជាកម្ពុជាកំពុងស្នាក់នៅកូរ៉េច្រើនដូចគ្នា។ លោកនិងធ្វើតាមការស្នើសុំរបស់លោកអភិបាលខេត្ត ដើម្បីរិតចំណងសាមគ្គីភាពនៃប្រទេសទាំង២ ពិសេសខេត្តបាត់ដំបង និងមានអ្នកវិនិយោគិនកូរ៉េច្រើនមករកស៊ីនៅខេត្តនេះនាពេលអនាគត់ផងដែរ៕