(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីសរុបចំនួន១៤នាក់ ទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៦ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៦ករណី រួមមាន៖

*ករណីទី១៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ៍សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៩កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន១ និងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច បន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង០២នាក់ រួមមាន៖ ១៖ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ, ២៖ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៦កញ្ចប់, ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន០១ និងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល១ និងចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិថ្មគោល៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនទាំង៤នាក់ រួមមាន៖ ១៖ឈ្មោះ ជឹម ស្រីលាភ ភេទស្រី អាយុ២៥ឆ្នាំ, ២៖ឈ្មោះ គង់ រចនា ភេទប្រុស អាយុ២៨ឆ្នាំ, ៣៖ឈ្មោះ ពេជ្រ សុវណ្ណរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ, ៤៖ឈ្មោះ ជ័យ គុណថា ភេទប្រុស អាយុ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១២កញ្ចប់ និងសម្ភារមួយចំនួនទៀត។

*ករណីទី៤៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌិន ចាន់លាង ភេទប្រុស អាយុ៣៣ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀននៅចំណុចផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ និងសម្ភារមួយចំនួនទៀត។

*ករណីទី៥៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ៥ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនទាំង០២នាក់ រួមមាន៖ ១៖ឈ្មោះ សុខ វុធថា ភេទប្រុស អាយុ២៩ឆ្នាំ, ២៖ឈ្មោះ គឹម ពៅសុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន១ និងសម្ភារមួយចំនួនទៀត។

*ករណីទី៦៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូត៍ទុកចោល ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនទាំង៤នាក់ រួមមាន៖ ១៖ឈ្មោះ រ៉ាត់ អាយុ៤២ឆ្នាំ, ២៖ឈ្មោះ ឈិន ព្រឹក ភេទប្រុស អាយុ៣៧ឆ្នាំ, ៣៖ឈ្មោះ នុត គីមហុង ភេទប្រុស អាយុ៣១ឆ្នាំ, ៤៖ក្រិត ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ។ ចាប់យកវត្ថុតាង ឧបករណ៍សម្រាប់សេពគ្រឿងញៀនចំនួន២៕