(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានជំរុញសិក្ខាកាមដែលមករៀនជំនាញប្រើប្រាស់ និងថែទាំគ្រឿងចក្រប្រភេទនីវ៉ាឡ័រ និងរ៉ូឡូ សម្រាប់ការងារការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ដែលរៀនចប់ហើយនោះ ត្រូវយកចំណេះដឹងនេះទៅម្រើដល់វិស័យខាងលើប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ជាទីបំផុត។

ការជំរុញបែបនេះរបស់ប្រធានមន្ទីរសាធារណការខេត្តកណ្តាល បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដិពីការបញ្ជាប្រើប្រាស់ និងថែទាំគ្រឿងចក្រប្រភេទនីវ៉ាឡ័រ និងរ៉ូឡូ សម្រាប់ការងារការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកប្រធានមន្ទីរបានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គគ្រូបង្គោល នៃនាយកដ្ឋានគ្រឿងចក្រស្ថាបនាផ្លូវ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគ្រួសារមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវជោគជ័យលើវគ្គបណ្ដុះបណ្ដាលជំនាញ បញ្ជាប្រើប្រាស់ថែទាំគ្រឿងសំណង់ បម្រើការនូវការដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ចំនួន៣វគ្គរួចមកហើយ ដល់បុគ្គលិក បុគ្គលិកអណ្ដែតសរុបចំនួន៥១នាក់។

បន្ថែមពីនេះលោក ម៉ឹង យូឡេង បានថ្លែងថា មន្ទីរសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញជួសជុល និងថែទាំផ្លូវថ្នល់ដល់បុគ្គលិក បុគ្គលិកអណ្ដែតផ្នែកថែទាំខួប ថែទាំប្រចាំ ចំនួន៣៥នាក់ បន្ថែមទៀត។ លទ្ធផលខាងលើនេះ សបញ្ជាក់អំពីធនធានមនុស្សសម្រាប់ការអនុវត្តស្ថាបនាផ្លូវថ្នល់ជួសជុលថែទាំបញ្ជាប្រើប្រាស់ និងថែទាំគ្រឿងចក្រសំណង់ក្នុងវិស័យសាធារណការ ប្រកបដោយសក្កដានុពល ធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តការងារនៅការដ្ឋាននានាក្នុងកម្រោងឆ្នាំ២០២៤ ដែលនឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខនេះ។

លោកប្រធានមន្ទីរ ក៏បានដាក់ក្ដីសង្ឃឹម និងជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ការិយាល័យចំណុះមន្ទីរ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការខិតខំបំពេញការងារទាំងនៅក្នុងអង្គភាព និងតាមការដ្ឋាន ការផ្ដល់សេវាសាធារណៈ ការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការងារជួសជុលថែទាំផ្លូវថ្នល់ប្រកបដោយគុណភាពប្រសិទ្ធភាពទាន់ពេលវេលា ឆ្លើយតបនឹងទំនុកចិត្តរបស់សាធារណៈជនទូទៅពិសេសប្រជាពលរដ្ឋអ្នកទទួលបានសេវា៕