(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង១៣ ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៤។

លោក គង់ សោភ័ណ្ឌ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរ ពីសន្តានចិត្តដ៏សប្បុរសធម៌ ថ្លៃថ្លា របស់លោក លោកស្រី តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង-ស្រុកទាំង១៣ ដែលបានបរិច្ចាកទ្រព្យសម្បត្តិ និងសម្ភារៈ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនាឱកាសនេះ។

លោកបានបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឱ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយ មហន្ដរាយ ផ្សេងៗបានទាន់ពេលវេលា។

លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសន្យាថា នឹងនាំយកអំណោយទាំងអស់នេះ ជូនដល់ដៃប្រជាពលរដ្ឋ ដើម្បីជួយសម្រាលការលំបាកជូនបងប្អូនជាជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ៍ផ្សេងៗនៅគ្រប់ទីកន្លែង គ្រប់សហគមន៍ នៅក្នុងខេត្តកណ្ដាល ឱ្យបានទាន់ពេលវេលា ដោយគ្មានការរើសអើងចំពោះជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើង សាខាកាកបាទក្រហមកម្ពុជាខេត្តនឹងប្រើប្រាស់នូវសម្ភារៈ និងថវិកាដែលបានទទួលនៅពេលនេះឱ្យចំគោលដៅ។ 

នាឱកាសនោះដែរ លោកក៏បាន អំពាវនាវដល់លោក-លោកស្រី និងសប្បុរសជនទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបន្តទៀតដើម្បីសាខាមានធនធាន ថវិកា សម្ភារយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយ គ្រោះធម្មជាតិ ឬគ្រោះមហន្តរាយនានា បាន ទាន់ពេលវេលា៕