(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ថ្នាក់កណ្តាល បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាស្ថានិក គឺបង្កើតឡើងក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនកម្ពុជា និងបន្តរក្សាសន្តិភាពជូនកម្ពុជា។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រកាសកែសម្រួល និងទទួលស្គាល់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ឃុំ និងវិស័យ ក្នុងស្រុកឆែប នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ លោកយុង គឹមហ៊ាន ប្រធាន(ស.ស.យ.ក) ខេត្ត លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា (ស.ស.យ.ក) ខេត្ត ស្រុក ឃុំ វិទ្យាល័យ អនុវិទ្យាល័យជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានពាំនាំការសាកសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ផ្ញើជូនសមាជិក សមាជិកា ដែលមានវត្តមាននូវទីនេះ ក៏ដូចជាសមាជិក សមាជិកា ស.ស.យ.ក ទូទាំងខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានប្រាប់សមាជិក សមាជិក ស.ស.យ.ក ទូទាំងស្រុកឆែបថា សហភាពសហព័ន្ធយុវជនកម្ពុជា ជាចលករមួយរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបង្កើតឡើងនាថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ដែលជារណសិរ្សនេះបានរំដោះប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយប្រធាន និងជាស្ថានិករបស់ (ស.ស.យ.ក) គឺសម្តេចតេជោ ហ៊ុន សែន ដែលលោកបានបង្កើតចលនាយុវជនដើម្បីជាកម្លាំងស្នូល ជាកម្លាំងស្រួចក្នុងការរំដោះជាតិ។

លោកអភិបាលខេត្តព្រះវិហារ បានបន្តថា ដើម្បីជំរុញចលករស្វែងរកសន្តិភាព និងដើម្បីជំរុញចលកររក្សាសន្តិភាព ត្រូវរើសរកក្បាលម៉ាសុីនដែលមានឥទ្ធិពលនៅក្នុងការដឹកនាំ ដែលកន្លងមកមានប្រធាន ស្ថាបនិក គឺសម្តេចតេជោ ហ៊ុន សែន ហើយជាបន្តបន្ទាប់យើងក៏បានរើសអ្នកដឹកនាំសហភាពសព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល គឺលោក ហ៊ុន ម៉ានី ជាប្រធាន ហើយបន្តបន្ទាប់មកទៀតអង្គសន្និបាទក៏បានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស របស់ (ស.ស.យ.ក)។

លោក គីម រិទ្ធី បានថ្លែងការចូលរួមអបអរសាទរ ចំពោះយុវជនគំរូទូទាំងស្រុកឆែបប្រមាណ៤០០នាក់ ដែលបានប្រកាសទទួលស្គាល់ជា សមាជិក សមាជិកា (ស.ស.យ.ក) ស្រុកនាពេលនេះ។ លោកថាក្បាលម៉ាសុីនដែលបង្កើតថ្មីនេះ ដែលធ្វើបច្ចុប្បន្នភាពថ្មីនេះនឹងសាមគ្គីគ្នាជាធ្លុងមួយដើម្បីដើរឆ្ពោះទៅការបំពេញបេសកកម្មរួមរបស់ (ស.ស.យ.ក)។ លោកក៏ណែនាំនិងលើកទឹកចិត្តឱ្យបន្តស្វែងរកសមាជិក សមាជិកាថ្មីបន្ថែម ដើម្បីចូលរួមក្នុងក្រុមគ្រួសាររបស់យើង។

នៅក្នុងឱកាសនេះដែរលោក គីម រិទ្ធី ក៏បានប្រកាសជួយឧបត្ថម្ភសាលកំព្យូទ័រ១កន្លែង និងសួនបណ្តុះកូនឈើ១កន្លែង ដល់វិទ្យាល័យដូនទុន និងបានឧបត្ថម្ភថវិកា ដល់សមាជិក សមាជិកា ស.ស.យ.ក ដែលចូលរួមក្នុងម្នាក់ថវិកា២០,០០០រៀលផងដែរ៕