(សៀមរាប)៖ អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំបើកសវនកម្មផ្ទៃក្រៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

គោលបំណងនៃសវនកម្មផ្ទៃក្រៅនេះ ធ្វើឡើងដើម្បីបន្តវិញ្ញាបនបត្រជាថ្មីដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាក្នុងការបំពេញបេសកកម្មថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រនៃតំបន់សៀមរាប-អង្គរ ក្នុងនោះមានពិនិត្យលើឯកសារជួបសម្ភាសជាមួយបុគ្គលិកទូទៅ និងចុះទៅពិនិត្យផ្ទាល់នៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។

អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ក្រោមវត្តមានលោក ឡុង កុសល អគ្គនាយករង តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករលោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ប្រធាន-អនុប្រធាននាយកដ្ឋាន និងអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ព្រមទាំងមន្រ្តី-បុគ្គលិកជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ៕