(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,០០១បណ្ណ ជូនប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិកោះប្រាក់ ឃុំភូមិធំ ភូមិព្រែកប៉ុល និងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណ វត្តបន្ទាយដែក។
លោកអភិបាលខេត្តកណ្តាល ក៏បានកោតសរសើរលោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដីខេត្ត និងមន្ត្រីទាំងអស់ធ្វើការបានសមិទ្ធផលល្អ។
លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ ដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះឈ្នះ ការបង្រួប បង្រួមជាតិ និងបាននាំមកឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមាន ភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។ល។
លោកបានបន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកបានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយក ចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកបណ្ណជូនប្រជាជនរដ្ឋនាពេលនេះ ហើយសកម្មភាពរបស់ អស់លោក លោកស្រី ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចចតុកោណ ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។
លោកអភិបាលខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋ សូមថែរក្សាបណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។
ថ្លែងក្នុងពិធីនេះ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា បើគិតមកដល់ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០៥លើកស្មើនឹង ២៨៩,៩៩៣បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០៦ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនប្រជាពលរដ្ឋមកពីភូមិកោះប្រាក់ (ឃុំភូមិធំ) ភូមិព្រែកប៉ុល និងភូមិកណ្តាលលើ (ឃុំបន្ទាយដែក) ស្រុកកៀនស្វាយ សរុបចំនួន ៤,០០១បណ្ណ៕