(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សខេត្ត នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តបន្តរបស់គណបក្សខេត្ត។

កិច្ចប្រជុំនេះដើម្បីពិនិត្យនូវវឌ្ឍនភាពការងារដែលសម្រេចបាននានាកន្លងមក និងផ្សព្វផ្សាយការងារអាទិភាពចំពោះមុខដើម្បីត្រៀមសម្រាប់ខែបន្តបន្ទាប់ និង ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី០៥។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធាន គណបក្ស ក្រុង/ស្រុក ជាច្រើនរូប។

ក្នុងកិច្ចប្រជុំបានបូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និងសតិអារម្មណ៍ក្រុមការងារ ក្នុងការអនុវត្តទិសដៅការងារ ផែនការសកម្មភាពការងារ និងសូចនាករក្នុងផែនការសកម្មភាពការងារ ដែលបានដាក់ចេញនាពេលកន្លងមក និងក៏បានស្តាប់ដោយយកចិត្តទុកដាក់ចំពោះខ្លឹមសារ នៃសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារយុវជនគណបក្សប្រចាំខែមករា ឆ្នាំ២០២៤ និងទិសដៅភារកិច្ចនៅខែបន្តបន្ទាប់ របស់គណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជាខេត្ត។

បន្ទាប់ពីលោក ឈាង ឡាក់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានផែនការរួមទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមក លោក ស្វាយ សំអ៊ាង បានជំរុញដល់គណៈកម្មាធិការគណបក្សក្រុង/ស្រុក ត្រូវដាក់ចេញនូវកិច្ចការជាអាទិភាពមួយចំនួនដល់ក្រុមការងារគណបក្សឃុំ/សង្កាត់ ដែលចាំបាច់ត្រូវសហការអនុវត្តបន្តឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះកិច្ចប្រជុំទាំងមូលក៏បានផ្តោតសំខាន់លើកម្លាំងយុវជនជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាព នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ជាការជ្រើសតាំងដោយរដ្ឋសភាផង និងចាត់តាំងដោយព្រះមហាក្សត្រផង ហើយសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ដូច្នេះការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ គឺដើម្បីបន្តនិរន្តភាពការគ្រប់គ្រងការអភិវឌ្ឍប្រទេស និងការបន្តថែរក្សាសន្តិភាពដែលបានខំថែរក្សាជាយូរមកហើយ។

លោកបានបន្តថា ការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដូចនេះក្នុងនាមជាអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាត្រូវមានស្មារតីស្មោះត្រង់ រឹងមាំ និងខិតខំថែរក្សាសុខភាពខ្លួនឱ្យបានល្អ ជៀសវាងមានបញ្ហាសុខភាពនៅថ្ងៃបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ៕