(ព្រះសីហនុ)៖ ដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ជាលើកដំបូង ដែលបានប្រព្រឹត្តទៅនៅឆ្នេរជំទាវម៉ៅ (ថ្ម៣ដុំ) ខេត្ដព្រះសីហនុ បានបញ្ចប់ដោយជោគជ័យ ដោយកម្មវិធីបិទនេះក្រោមវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។

ដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» បានចាប់ផ្តើមពីថ្ងៃទី២ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ ខេត្តកោះកុង និងសៀមរាប សរុបចំនួន ២៣៤នាក់។

ជាកិច្ចចាប់ផ្តើមនៃពិធីបិទនេះ មានការចាក់វីដេអូស្តីពីសកម្មភាពរបស់យុវជននៃដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ពីថ្ងៃទី២ដល់៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងមានការសម្តែងរបស់យុវជនស្តីពីការបង្កគ្រោះថ្នាក់ចរាចរណ៍ ការអប់រំអំពីមេរោគអេដស៍ ផលប៉ះពាល់ស្តីការប្រើប្រាស់ថង់ផ្លាស្ទិក....។

ជាមួយគ្នានេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា «គោលបំណងនៃការរៀបចំកម្មវិធីបោះជំរំយុវជននេះឡើង ដែលសាខាបានឆ្លុះបញ្ចាំងពីឆន្ទៈ ការប្ដេជ្ញាចិត្តខ្ពស់ក្នុងនាមជាសាខាម្ចាស់ផ្ទះ ឈានមុខគេ អនុវត្តអនុសាសន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំមុនគេ ជាសាខាមានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ មានភាពម្ចាស់ការក្នុងការរៀបចំការចំណាយទាំងស្រុង។ ហើយប្រធានប្រធានបទសំខាន់ៗសម្រាប់ផ្ដល់ជូនសមាជិក សមាជិកានៃជំរំយុវជន ផ្ដោតសំខាន់លើ៖ គោលនយោបាយ តួនាទី ភារកិច្ច និងការគ្រប់គ្រងក្លឹបយុវជន កក្រក, អ្វីទៅជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន, តួនាទី និងភារកិច្ចរបស់យុវជនក្នុងការកាត់បន្ថយថង់ប្លាស្ទិក, ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងពិការភាព និងការអប់រំសុខភាព និងអនាម័យបរិស្ថាន»

ទន្ទឹមនឹងនេះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំប្រសាសន៍ផ្តាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះទីប្រឹក្សាយុវជន មន្រ្តីក្រុមប្រតិបត្តិសាខា ពិសេសយុវជនកាកបាទក្រហមកម្ពុជា នៃសាខា ទាំង៧ ដែលបានចូលរួម និងគ្រប់គ្រង សម្របសម្រួលជំរំទាំងមូល សូមមានសុខភាពល្អ បន្ដបំពេញការងារ ជាកម្លាំងស្នូល និងជាធនធានមនុស្ស ដ៏មានសារៈ សំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ កក្រក។

លោកស្រីអគ្គលេខាធិការបានបន្តថា «យោងតាមរបាយការណ៍លទ្ធផលនៃការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ដែលប្រធានគណៈកម្មាធិការសាខានេះ ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែល សាខា កក្រក ខេត្តព្រះសីហនុ និងមន្ដ្រីបច្ចេកទេសថ្នាក់កណ្ដាល កក្រក បានសហការរៀបចំគ្រប់គ្រង និងសម្របសម្រួលដំណើរការជំរំយុវជន បានប្រកបដោយលទ្ធផលជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទន។ ជាងនេះទៅទៀត ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះភាពជាម្ចាស់ការ ចំណាយថវិកាទាំងស្រុងលើដំណើរការរៀបចំពិធី អាហារ ការស្នាក់នៅ និងជាពិសេសឧបត្ថម្ភប្រាក់ហោប៉ៅជូនសមាជិក-សមាជិកាជំរំទាំងមូល ដែលសបញ្ជាក់ឱ្យឃើញថា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ស្របតាមប្រសាសន៍ដែលលើកឡើងរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានក្នុងមហាសន្និបាត កក្រក អាណត្តិទី ៧ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ លើកទឹកចិត្តដល់ សាខារាជធានី ខេត្ត ពង្រឹង និងពង្រីកបណ្ដាញយុវជន តាមរយការចូលរួមសកម្មភាពមនុស្ស និងវេទិកាសាធារណៈ បោះរំជំយុវជន បំណិនផ្សេងៗ»

ស្ថិតក្នុងបរិយាកាសនេះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគណៈអធិបតី និងអង្គពិធីទាំងមូលនូវខ្លឹមសាររួមមាន៖

១៖ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ

២៖ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហាប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា

៣៖ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព លើវិស័យមនុស្សធម៌ រវាងសាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខាដែលបានចូលរួម។

៤៖ បន្តបង្កើតឱកាសសម្រាប់យុវជនក្នុងការស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង។

ជាទីបញ្ចប់លោកស្រី ពុំ ចន្ទីនី សូមប្រសិទ្ធពរជ័យជូន គណៈអធិបតី យុវជន កក្រក គ្រូទីប្រឹក្សា មន្រ្តីប្រតិបត្តិ ភ្ញៀវកិត្តិយសទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្តីចំរើន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕