​(ភ្នំពេញ)៖ អគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដោយមានបេក្ខសមណសិស្ស-សិស្ស សរុប១៣០៦ អង្គ/នាក់ និងមាន៣មណ្ឌល នៅទូទាំងប្រទេស ក្នុងសម័យប្រឡងថ្ងៃទី ៦-៧-៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឱកាសនោះក៏មានការចូលរួមកាត់វិញ្ញាសា ពីសំណាក់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្ដីក្រសួង ធម្មការនិងសាសនា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះអគ្គាធិការរងទទួលបន្ទុកពុទ្ធិកសិក្សា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិមួយអន្លើ ដោយសម្ដេចព្រះរាជាគណៈព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រី រាជការទាំងអស់បានយាងនិមន្ត និងអញ្ជើញចូលរួមក្នុងកម្មវិធី កាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅមណ្ឌលរាជធានីភ្នំពេញ (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត) ដែលមានបេក្ខសមណ:សិស្ស-សិស្សសរុប ៦៩១អង្គ/នាក់ និមន្តមកពីរាជធានី-ខេត្ត រួមមាន៖ ភ្នំពេញ, កណ្តាល, ព្រះសីហនុ, តាកែវ, កំពត, កំពង់ស្ពឺ, ព្រៃវែង, ស្វាយរៀង និងខេត្តកំពង់ឆ្នាំង ។

កិច្ចដំណើរការមណ្ឌលសំណេរការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ទូទាំងប្រទេសមានបេក្ខសមណសិស្ស-សិស្ស សរុប១៣០៦ អង្គ /នាក់ និងមាន៣មណ្ឌល៖
* មណ្ឌលរាជធានីភ្នំពេញ មានបេក្ខសមណសិស្ស-សិស្ស ចំនួន៦៩១អង្គ/នាក់
* មណ្ឌលខេត្តបាត់ដំបង (ពុទ្ធិកវិទ្យាល័យ អ៉ឹង ធួង) មានបេក្ខសមណសិស្ស-សិស្ស ចំនួន៣៤០អង្គ/នាក់
* មណ្ឌលខេត្តកំពង់ចាម ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត) ២៧៥អង្គ/នាក់

គួរបញ្ជាក់ថា នៅឆ្នាំនេះគ្រប់ការប្រឡងទាំងអស់របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង នៅគ្រប់មណ្ឌលសំណេរ សម្តេចព្រះអគ្គារធិការរងទទួលបន្ទុក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានព្រះបន្ទូលថា «យកគុណភាពប្រសើរជាងបរិមាណ»