(ភ្នំពេញ)៖ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តន៍អាជីពមន្ត្រីរាជការ និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល» នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ បានលើកឡើងថា លោក លោកស្រីជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ គឺប្រៀបបាននឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឱ្យយើងថា យើងមានជំងឺអី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្រ បង្កើនចំណេះ ដឹងត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ។ ធ្វើជាមន្ត្រី បើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅ ជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមធ្វើបទឧទ្ទេសនាមពីលោក ស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។

ថ្លែងទៅកាន់សិក្ខាកាមលោក កើត ឆែ អភិបាលរាជធានីស្តីទី បានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការកសាងមូលធនមនុស្ស ដែលជាមន្ត្រីរាជការស៊ីវិល នៅក្នុងរដ្ឋបាល សាធារណៈ គឺជាកត្តាមួយដែលចាំបាច់។

លោកថា «មន្ត្រីរាជការ គឺជាអង្គ ដែលស្ថិតក្រោមបញ្ញត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល, ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងលិខិត បទដ្ឋានពាក់ព័ន្ធ ហើយលក្ខន្តិកៈមន្ត្រីរាជការ គឺត្រូវបានគ្រប់គ្រងដោយ គោលការណ៍មុខងារសាធារណៈ ខុសពីបុគ្គលិកវិស័យឯកជន ដែលស្ថិតក្រោមបញ្ញត្តិនៃនីតិការងារ»

ជាមួយគ្នានោះ លោកក៏បានស្នើឱ្យមន្ត្រីរាជការ ជាសិក្ខារកាម ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិ កាតព្វកិច្ច និងគោលការណ៍ដែលត្រូវអនុវត្ត ដើម្បីប្រែក្លាយខ្លួនជាប្រតិបត្តិករសេវាសាធារណៈក្នុងនោះ៖ ត្រូវចងចាំជានិច្ចនូវ គុណសម្បត្តិ នៃឥរិយាបថជាមន្ត្រីរាជការ។

លោកបន្តថា មន្ត្រីរាជការក៏ត្រូវស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធថ្មីៗ ដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាខិតខំរៀនសូត្រនូវជំនាញថ្មីៗបន្ថែម ជាពិសេសផ្តោតសំខាន់លើការសិក្សាអំពីបច្ចេក វិទ្យាឌីជីថល ដើម្បីសម្របខ្លួនទៅនឹងតម្រូវការសង្គម-សេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ។

ទាំងអស់នេះ គឺស្តែងឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល មកលើមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ហើយជាការតបស្នង និងដើម្បីរួមចំណែកអនុវត្តការងារកំណែ ទម្រង់រដ្ឋបាល សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដូច្នេះសូមស្នើឱ្យមន្ត្រីរាជការទាំងអស់ ត្រូវយកអស់កម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី មានការលះបង់ខ្ពស់ និងមានស្មារតីជាតិនិយម ធ្វើយ៉ាងណាខិតខំបំពេញ ការងាររបស់ខ្លួនប្រកបដោយឆន្ទៈ ស្មារតីបុរេសកម្ម និងទទួលខុសត្រូវ ក្នុងនោះ ត្រូវបណ្តុះផ្នត់គំនិតឱ្យស្រលាញ់ ស្ថាប័ន-ថ្នាក់ដឹកនាំ ឱ្យដូចជាស្រលាញ់ក្រុមគ្រួសារដូច្នោះផងដែរ។

វិធានការគន្លឹះទាំង៣ ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល រួមមាន៖

*ទី១៖ ការដាក់ឱ្យអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលបំរើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
*ទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព។
*ទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕