(កំពង់ធំ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។
ពិធីប្រកាសប្រគល់តួនាទីភារកិច្ចជាផ្លូវការត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្ដីសម្រេចលេខ០៤៣/០១២៤ សស.គក ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានសម្រេចចាត់ វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ អមដោយអនុប្រធាន៣រូប រួមមាន លោក ម៉ៅ សុផាន់ លោក ថោ ជេដ្ឋា និងអ្នកឧកញ៉ា ទ្រី ភាព។
នៅក្នុងពិធីប្រកាសប្រគល់តួនាទី និងភារកិច្ចនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានឧបត្ថម្ភថវិកាប្រមាណ ៤០០លានរៀល ដល់ក្រុមការងារគណបក្សប្រើប្រាស់ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋ។
ក្រៅពីតួនាទីចុះជួយខេត្តកំពង់ធំហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផងដែរ។ តាមរយៈតួនាទីចុះជួយមូលដ្ឋាននេះ អ្នកឧកញ៉ា តែងបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកកណ្តាលស្ទឹង ក៏ដូចជាដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ៕